កំពត៖ រថយន្ត១គ្រឿងដឹកឈើលើសទម្ងន់ បណ្តាលឲ្យបាក់ស្ពានស្ទឹងកោះស្លា នៅម៉ោងជិត១ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ ចំណុចស្ពានស្ទឹងកោះស្លា ស្ថិតក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តដែលដឹកឈើល្មើសច្បាប់ ដែលបណ្តាលឲ្យបាក់ស្ពានខាងលើ ម៉ាកហុីយ៉ានដាយ ចំណុះ៨តោណ ពាក់ស្លាកលេខ ភ្នំពេញ 3B-5745។មន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ឈើល្មើស ប្រមាណ១៥ម៉ែត្រគូប ជាប្រភេទឈើធ្ងង់ សុក្រម និងឈើម្រេញ។តែទោះជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពតលោក ខាន់ សុផល បានដឹកនាំកម្លាំង ចុះមកដល់កន្លែងហេតុការណ៍ និងបញ្ជាឲ្យដឹកជញ្ជូនឈើល្មើសទាំងអស់ និងរកវិធីនាំយករថយន្តល្មើស ទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពត ហើយស្រាវជ្រាវស្វែងរកជនបង្កមកចាត់ការតាមច្បាប់ ខណ:ម្ចាស់រថយន្តដឹកឈើ បានរត់គេចខ្លួនបាត់ ក្រោយហេតុការណ៍បាក់ស្ពាន៕