ខេង ឧត្តម
សៀមរាប៖កងកម្លាំងរាជអាវុធហត្ថខេត្ត ដឹកនាំកម្លាំង ដោយលោកវរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាប
ករណីល្បែងស៊ីសងខុសច្បាប់ដុះស្លែ និងឃាត់ខ្លួនបានមនុស្ស ប្រុស ស្រីចំនួន២២នាក់ នាំយកមកការសាកសួរនៅការិយាល័យជំនាញ នៅទីតាំង ២ផ្សេងគ្នា ក្នុងថ្ងៃតែមួយ ក្នុងក្រុងសៀមរាប ។
ក្នុងការចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់នោះ ធ្វើឡើងនៅទីតាំង២ផ្សេងគ្នា ក្នុងថ្ងៃតែមួយក្នុងក្រុងសៀមរាប បង្ករឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅជិតខាង។
លោក វរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តសៀមរាបបានដឹងនៅកន្លែងចាប់ល្បែងថា ជនសង្ស័យ ប្រុស ស្រី ទាំង២២នាក់នោះ ដែលឃាត់មកសួរនាំនោះមាន២ទីតាំង៖ទីតាំងទី១ឃាត់ខ្លួនបានមនុស្ស១៣នាក់ ជាអ្នកភ្នាល់នឹងល្បែងស៊ីសង(ជល់មាន់) ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប និង ទីតាំងទី២ ឃាត់ខ្លួនបានមនុស្សប្រុស ស្រី រួមទាំងម្ចាស់ផ្ទះ ដែលកំពុងលេងបៀរនោះមានចំនួនប្រមាណជា៩នាក់ ដែលមានទីតាំងស្ថិតនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកបានបន្តថា មូលហេតុដែលមិនទាន់ឱ្យក្រុមសារព័ត៌មានចុះផ្សាយនោះ ដោយសារ ពួកគាត់កំពុងសួរនាំនៅឡើយ។បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ទាំង២២នាក់ កំពុងស្ថិតនៅក្នុងការសួរនាំរបស់មន្ត្រីកងរាជអាវុធហត្ថខេត្តនៅឡើយ។ចំពោះវត្ថុតាង ដកហូតបានពីជនសង្ស័យនោះបានមួយចំនួនធំ មជ្ឍដ្ឋានជុំវិញនានាក្នុងក្រុងសៀមរាប រង់ចាំមើលថា តើអ្នកញៀនល្បែងស៊ីសង ទាំង២កន្លែងនោះ មានវាសនា អាចរួចខ្លួនឬជាប់ទោសដែរឬទេ?ប្រសិនបើមានលុយ ប្រហែលអាចឈានជើងចេញពីក្នុងកន្លែងកងរាជអាវុធហត្ថមើលទៅ?។
គួរបញ្ជាក់ថា ល្បែងស៊ី (ជល់មាន់និងល្បែងបៀរ)ខុសច្បាប់នឹងបង្ករឲ្យខេត្តទេសចរណ៍មួយនេះ អាចកើតមានចោរកម្មផ្សេងៗធ្វើឲ្យខូចតម្លៃប្រទេសជាតិ ៕