កសិករពីរក្រុមកំពុងប្រឈមផ្ទុះហឹង្សាដាក់គ្នាក្នុងជម្លោះដណ្តើមទឹកដាក់ស្រែហើយខកចិត្តមិនបានឃើញវត្តមានថ្នាក់ដឹកនាំខេត្តចុះដោះស្រាយបញ្ហាជូនពួកគេ

0

 

ខេត្តកំពង់ធំ៖ប្រជាកសិករមកពីពីរក្រុមផ្សេងគ្នា ដែលមានដីស្រែបង្កើនផលនៅជាប់ព្រំគ្នា បានមកឈរយ៉ាងត្រៀបត្រានៅលើភ្លឺស្រែ ហើយស្ទើរតែឈានដល់ការប្រើហឹង្សាវាយតប់គ្នា គ្រាដែលពួកគេបាន និងកំពុងឈររង់ចាំវត្តមានលោកអភិបាលខេត្ត នាល្ងាចថ្ងៃ១៥កុម្ភះម្សិលមិញ ក្នុងដំណើរចុះជួប និងជួយដោះស្រាយវិបត្តិខ្វះដើម្បីសង្គ្រោះស្រូវប្រាំងពួកគេ ។
កសិករទាំងពីរក្រុម ១ក្រុមឈរខាងប្រជាពលរដ្ឋ អាស្រ័យផលជាលក្ខណៈគ្រួសារ ឯ ម្ខាងទៀត មកពីខាងក្រុមហ៊ុន ជា រ៉ាវី ដែលនៅរយះកាលកន្លងមក ក្រុមហ៊ុននេះបានរងការចោទពីប្រជាកសិករថា បានជីកប្រឡាយកាយវាតយកដីស្រែរបស់ខ្លួន ដែលមានផ្ទៃដីលាតសន្ធឹងរហូតដល់ទៅ៧៧ហិចតាឯណោះ។ ប៉ុន្តែ ភាគីខាងក្រុមហ៊ុន ត្រូវគេបង្ហើបឲ្យដឹងថា ផ្ទៃដី៧៧ហិចតា ស្ថិតនៅតំបន់ ក្នុងភូមិសាស្ត្រ ឃុំព្នៅ ស្រុកសន្ទុកនោះ គឺក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋជាយូរឆ្នាំមកហើយ រហូតមកទល់នឹងពេលនេះ ត្រូវបានអាជ្ញាធរស្រុកសន្ទុកអះអាងថា ក្រុមហ៊ុនជា រ៉ាវី បានប្រគល់ដីនោះឲ្យទៅប្រជាពលរដ្ឋអស់ហើយ គឺនៅសល់ចំនួនតិចតួចប៉ុណ្ណោះ ដោយប្រគល់ឲ្យកសិករបង្កបង្កើនផល។
កសិករដែលមានដីស្រែតិចតួចហិចតា ហើយបង្កបង្កើនផលជាលក្ខណៈគ្រួសារ បាននិយាយថា កសិករខាងក្រុមហ៊ុនជា រ៉ាវី បានទាមទារបូមទឹកបឹងមួយកន្លែង មានឈ្មោះថា « បឹងពុល» ពីក្នុងដីស្រែរបស់ពួកគាត់ ដើម្បីបាញ់បញ្ចូលស្រែសង្គ្រោះស្រូវរបស់ពួកគេ ការទាមទារនោះបានធ្វើស្ទើរជារៀងរាល់ថ្ងៃ តែលោកមិនព្រមឲ្យបូមទឹកនោះទេ ប្រសិនបើបូមអស់ ដីស្រែជាច្រើនហិចតា របស់កសិករច្រើនរយគ្រួសារ នឹងត្រូវខ្វះទឹកជាមិនខាន។ លោកថា បញ្ហានេះហើយបានឈានដល់ការទាស់ទែង ស្ទើរឈានដល់ប្រើហឹង្សាកាប់ចាក់គ្នា។
ចំណែក កសិករឈរខាងក្រុមហ៊ុនវិញ បានអះអាងថា ទឹកបឹងពុលនោះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះទេ វាជាបឹងធម្មជាតិ នរណាក៏មានសិទ្ធិប្រើប្រាស់ទឹកនោះដែរ ហើយប្រសិនបើស្រូវរបស់ពួកគេអត់ទឹក វានឹងក្រៀមស្វិតអស់ជាមិនខានឡើយ។ លោកថា ក្រុមលោកបានប្តឹងទៅអាជ្ញាធរឃុំ និងស្រុកឲ្យជួយដោះស្រាយ ឃុំ និងស្រុកបានបញ្ជាឲ្យក្រុមខ្លួន បូមទឹកនោះដាក់ស្រែទៅ ប៉ុន្តែ ត្រូវបានរារាំងដោយម្ចាស់ស្រែម្ខាងទៀត។
កសិករទាំងពីរក្រុម ដែលកំពុងប្រឈមមុខ អាចនឹងផ្ទុះអំពើហឹង្សាដាក់គ្នា ដោយម្ខាងការពារទឹក ឯម្ខាងទៀតចង់បានទឹកនោះ បានស្នើដល់អាជ្ញាធរខេត្តកំពង់ធំ ឲ្យជួយដោះស្រាយបញ្ហាកង្វះទឹកបញ្ជូលស្រែនេះផង។
ក្រោយពីទទួលបានការស្នើសុំនោះមក នៅល្ងាចថ្ងៃ១៥កុម្ភះម្សិលមិញ លោកអភិបាលខេត្ត និងក្រុមការងារ បានចំណាយពេលដើម្បីចុះជួបកសិករ ដែលកំពុងមានទំនាស់នោះ ហើយដំណើរនោះ ត្រូវបានធ្វើឡើងនៅបន្ទាប់បានចុះជួប ដោះស្រាយជូនប្រជាកសិករ ដែលភ័យព្រួយខ្លាចក្រុមហ៊ុនចិនរំលោភយកដីនោះរួច។ ប៉ុន្តែ នៅក្នុងដំណើរចុះជួបដោះស្រាយជូនប្រជាកសិករ ដែលកំពុងខ្វះទឹកនោះ ត្រូវបានខនខានទៅវិញ ដោយសារថ្ងៃហៀបលិចទៅហើយ និងម្យ៉ាងទៀត នៅក្នុងដំណើរចុះជួបកសិករមានទំនាស់ របស់លោកអភិបាលខេត្ត ត្រូវគេសង្ស័យថា គឺត្រូវបានគេបញ្ជៀសទីតាំងដែលគ្មានទំនាស់ ដើម្បីពន្យាពេលមិនឲ្យលោកអភិបាលខេត្ត បានទៅដល់គោលដៅដីស្រែដែលកំពុងមានទំនាស់នោះបានឡើយ។
នៅក្នុងដំណើរវិលត្រឡប់វិញ មានប្រជាកសិករ១ក្រុម បានមកស្ទាក់ផ្លូវរថយន្តរបស់លោកអភិបាលខេត្ត ដើម្បីរាយការណ៍ពីការចុះខុសគោលដៅ និងមានប្រជាកសិកររាប់សិបគ្រួសារ កំពុងរង់ចាំលោកអភិបាលខេត្ត ជួយដោះស្រាយពីវិបត្តិខ្វះទឹកបញ្ជូលស្រែនោះ។ នៅគ្រានោះ លោកអភិបាលខេត្តក៏បានជ្រាប ហើយសន្យាថា នឹងចុះជួបបងប្អូននៅពេលមិនយូរខាងមុខនេះ៕