ឈើស្តុកទុកក្រោយស្នាក់ការបរិស្ថានបង្វែរជាឈើបង្ក្រាប

0

ខេត្តរតនគិរី៖ មន្ត្រីបរិស្ថានប្រចាំនៅដែនជម្រកសត្វព្រៃលំផាត់ បានរងការចោទប្រកាន់ថា ជាមន្ត្រីក្នុងជំនួញបទល្មើសព្រៃឈើយ៉ាងសកម្មក្នុងខេត្តរតនគិរី។ការចោទប្រកាន់នេះ គឺនៅក្រោយពេលដែលគេប្រទះឃើញបទល្មើសព្រៃឈើ កាលពីថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០១៧ ដែលដាក់ពង្រាយក្នុងព្រៃនៅខាងក្រោយស្នាក់ការដែនជម្រកសត្វព្រៃស្រុកលំផាត់ ចំងាយប្រហែលជា១៥០ម៉ែត្រទៅ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរល្វាក់ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រជាពលរដ្ឋនៅតំបន់នោះ បានត្អូញត្អែថា បទល្មើសព្រៃឈើ មានប្រភេទឈើធ្នង់ និង សុក្រំ ត្រូវគេដឹកជញ្ជូនជារៀងរាល់ថ្ងៃទៅលាក់ពង្រាយនៅខាងក្រោយស្នាក់ដែនជម្រកសត្វព្រៃដើម្បីលក់ទៅឲ្យក្រុមឈ្មួញ។ ពួកគាត់បញ្ជាក់ថា អ្នកដែលដឹកទៅដាក់ពង្រាយនោះ គឺមិនក្រៅពីបក្សពួក សាច់សាលោហិតរបស់មន្ត្រីបរិស្ថានដែលមានឈ្មោះ សុខ ឡេង មានតួនាទីជាប្រធានក្រុមល្បាត ប្រចាំស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ ព្រមទាំងបក្សពួក២នាក់ទៀតដែលមានឈ្មោះ ធី និង ឈ្មោះ រ៉ុន ជាមន្ត្រីបរិស្ថានប្រចាំការនៅទីនោះជាមួយគ្នា។

ប្រជាពលរដ្ឋបន្តថា គំនរឈើដែលដាក់ពង្រាយនៅក្រោយស្នាក់ការនោះ គឺជាឈើដែលមន្ត្រីបរិស្ថានប្រមូលទិញពីប្រជាពលរដ្ឋ ហើយបើសិនជា ប្រជាពលរដ្ឋណា មិនលក់ឈើឲ្យក្រុមមន្ត្រីបរិស្ថានខាងលើនេះទេ ឈេឺទាំងនោះ ត្រូវបានគេចាប់ឃាត់ទុក ហើយម្ចាស់ឈើក៏ប្រហែលនឹងត្រូវរងទុក្ខផ្នែកច្បាប់ផងដែរ។ ប្រជាពលរដ្ឋទាំងនោះបានបញ្ជាក់ទៀតថា ក្រោយពីមានការបែកធ្លាយពីការស្តុកឈើនេះ ដើម្បីដោះបន្ទុក ក្រុមបរិស្ថានទាំងនោះ បានបង្វែរឈើនោះទៅជាឈើបង្ក្រាបទៅវិញ។
ទាក់ទិននឹងករណីប្រជាពលរដ្ឋចោទប្រកាន់ខាងលើនេះ ប្រធានក្រុមល្បាតបរិស្ថាន ប្រចាំការដែនជម្រកសត្វព្រៃលំផាត់ លោក សុខ ឡេង បញ្ជាក់នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ នេះថា ឈើទាំងនោះ មិនមែនលោកជាអ្នករកស៊ីទិញដូរអីទេ ប៉ុន្តែឈើទាំងនេះ ត្រូវបានចាប់ឃាត់ពីក្រុមឈ្មួញ ដែលយកមកលាក់ក្បែរផ្លូវចូលភូមិអូរល្វាក់ ចម្ងាយប្រហែល៧គីឡូម៉ែត្រ ពីទីស្នាក់ការដែនជម្រក។

លោកបញ្ជាក់ទៀតថា ឈើទាំងនោះ ត្រូវបានពួកលោករាប់មួយចំនួនហើយ នៅសល់មួយចំនួនទៀតមិនទាន់បានរាប់ លោកថា បើតាមការប៉ាន់ប្រមាណ ចំនួនឈើមានប្រហែលជាង៣០០ដុំ ហើយឈើទាំងនោះ ជាប្រភេទឈើធ្នង់ និងឈើសុក្រំ។

អភិបាលស្រុកលំផាត់ លោក នូ ថេរ នៅព្រឹកថ្ងៃទី១៦ កុម្ភៈ នេះថា ឈើនោះ ក្រោយពីមានសេចក្ដីរាយការណ៍ លោកបានដឹកនាំកម្លាំងអនុគណៈកម្មការថ្នាក់ស្រុក ចុះទៅពិនិត្យនៅព្រឹកថ្ងៃដដែលនេះរួចហើយ ប៉ុន្តែលោកកំពង់តែស្នើឲ្យមន្ត្រីបរិស្ថាន ធ្វើកំណត់ហេតុវត្ថុតាង ទិន្ន័យ ទីតាំងបង្ក្រាប ព្រមទាំងជនល្មើស ឲ្យបានច្បាស់លាស់ ដើម្បីលោកបញ្ជូនសំណុំរឿងនេះទៅថ្នាក់ខេត្ត។

លោកថាកន្លងមក សកម្មភាពបទល្មើសទាំងឡាយក្នុងដែនជម្រកសត្វព្រៃនោះ អាជ្ញាធរស្រុកមិនមានអំណាចទេ ទើបតែថ្មីៗនេះ ខេត្តបានបង្កើតគណកម្មការទប់ស្កាត់បទល្មើសធនធានធម្មជាតិថ្នាក់ស្រុក។

បើទោះជាយ៉ាងណា ក៏នៅតែមានសេចក្ដីរាយការណ៍ថា រថយន្តដឹកឈើតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញចូល ជារៀងរាល់ថ្ងៃ យូរខែ យូរឆ្នាំមកហើយ នៅក្រោយស្នាក់ការបរិស្ថាននេះ។ ម្យ៉ាងទៀត ក្រោយពីបែកធ្លាយកន្លែងស្តុកឈើ ក្រោយស្នាក់បរិស្ថាននេះមក នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ត្រូវគេរាយការណ៍ថា ឈើទាំងនោះ ត្រូវបានគេជម្លៀសចេញមួយចំនួនហើយផងដែរ៕ ដោយ: យក្ខឡោម