កំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានផ្តល់ស៊ីម៉ង់ត៏ចំនួន១០តោន ផ្តល់ជូន អង្គភាពវរសេនាតូចរៀបរយលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីកសាងរបងការពារបន្ទាយវរសេនាតូចរៀបរយលេខ១ ដែលជាទីតាំងកងទ័ពដ៏សំខាន់សម្រាប់អន្តរាគមន៍ របស់ ខេត្តកំពង់ធំ។
ពីធីប្រគល់ស៊ីម៉ងតិ៍នេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ ២០១៧ ដែលមានការចូលរួមរីករាយអបអរ ចំពោះទឹកចិត្តរបស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលមានការយកចិត្តទុកដាក់ បំផុត មកលើកងកម្លាំងប្រដាប់អាវុធ ក្នុងវិស័យការពារជាតិ ដែលកងទ័ពជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល នាំសុខសន្តិភាព ជូនដល់ប្រជាជាតិ ដូច្នេះចាំបាច់ត្រូវផ្តល់កិច្ចគាំទ្រយ៉ាងពេញទំហឹងមកលើកងទ័ព។
ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំតំណាង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជូនស៊ីម៉ង់ត៏ចំនួន១តោន តាមការស្នើរសុំរបស់លោក វរសេនីយ៍ទោ ថន ស៊ីសក្តា ដើម្បីការសាងបន្ទាយ ដែលមានទីតាំងនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ខេត្តកំពង់ធំ ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងឲ្យនិងយោធិនទាំងអស់ សូមគោរពថ្លែងអំណរគុណ ចំពោះឯកឧត្តម សុខ លូ ខេត្តកំពង់ធំ និងលោកជំទាវ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនជួយដល់វិស័យការពារជាតិ សមដូចទិសស្លោកពោលថា ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានកោតសរសើរចំពោះលោក វរសេនីយ៍ទោ ថន ស៊ីសក្តា មេបញ្ជាការវរសេនាតូចលេខ១ ដែលបានគៀងគរ សុំការឧបត្តម្ភពីសប្បុរជន ទាំងក្នុងនឹងក្រៅប្រទេស ដើម្បីរៀបកាសាងហេដ្ឋា រចនាសម្ព័ន្ឋបន្ទាយ ឲ្យមានអាគារធ្វើការ អាគាស្នាក់នៅ អាគារមេបញ្ជាការ អាគារសាលប្រជុំ ដែលបានបង្ហាញឲ្យឃើញ នូវការយកចិត្តទុកដាក់ ចំពោះតួនាទីភារកិច្ចទទួលខុសត្រូវ បានប្រែក្លាយទីតាំងព្រៃស្តុក ដែលគ្មានអ្វីសោះ ចាប់តាំងពីកងកម្លាំងប្រជុំនៅក្រោមដើមឈើ មកប្រជុំនៅក្នុងអាគារនិងមានកន្លែងធ្វើការ និងស្នាក់នៅបានសមរម្យ ក្នុងនោះក៏សូមឲ្យយោធិនទាំងអស់សាមគ្គីគ្នា ឯកភាពផ្ទៃក្នុង រក្សានូវសមិទ្ធផលនានាដែលបានមកហើយ ឲ្យប្រើប្រាស់បានយូរអង្វែង ។
ដោយ ប៊ុន រដ្ឋា


































