សៀមរាបៈ ភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ក្នុងមួយថ្ងៃ បានដង្ហែរគ្នាទៅទស្សនា ប្រាសាទបន្ទាយស្រី ដែលជាប្រាសាទដ៏សែនមនោរម្យ ប្រៀបបានទៅនឹងត្បូងមួយដុំ ដែលមានតម្លៃក្រៃលែងរកវត្ថុអ្វីមួយមកប្រៀបផ្ទឹមពុំបានជាស្នាដៃនៃសិល្បៈខ្មែរយើងកាលពីសម័យដើម បានទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ត យ៉ាងច្រើន កុះករក្នុងមួយថ្ងៃមួយថ្ងៃ ។
ប្រាសាទបន្ទាយស្រី បានកំពុងតែមានកេរ្តិឈ្មោះល្បីល្បាញ ខ្ទោរខ្ទារពេញពិភពលោក ថាប្រទេសកម្ពុជាមានប្រាសាទ ពណ៌ផ្កាឈូក និងមានសម្រស់ស្រស់ស្អាត រួមទាំងក្បាច់ចម្លាក់វិសេសវិសាល លើផ្ទាំងថ្ម ផ្កាឈូកហាក់ដូចមានជីវិតរស់រវើក រំលេចដោយ ចម្លាក់ទេពអប្សរ ចំនួន១៥០០ ខុសៗគ្នា មានកំពែងថ្មបាយក្រៀម ព័ទ្ធ៣ជាន់ មានទីលានក្រាលថ្មវែងទៅ ទិសខាងកើត កសាងឡើង ក្នុងគ្រិស្តសករាជ ៩៦៧ មានចំងាយ ៣៩គីឡូម៉ែត្រ ភាគខាងជើង ទីរួមខេត្តសៀមរាប ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី។
ប្រាសាទបន្ទាយស្រីកាលពី១០ឆ្នាំមុន មានផ្លូវថ្នល់ជាតិលេខ៦៧ កាត់តាមមុខប្រាសាទ ដែលថ្នល់ជាតិឃ្លាតពី កំផែងប្រាសាទប្រមាណជាង១០ម តែរហូតមកដល់បច្ចុប្បន្ននេះ ដោយមានការយកចិត្តទុកដាក់ ពីអាជ្ញាធរអប្សរា ដើម្បីការពារការខូចខាត ដោយប្រកាណាមួយ ទាំងធម្មជាតិ និងការញ័ររញ្ជួយ ឬឧបទ្វហេតុដោយមនុស្សបង្ករ ក្តី ទើបអាជ្ញាធរអប្សរា បានធ្វើផ្លូវវាងប្រាសាទ ថែមទាំងធ្វើទីតាំងចំណតរថយន្ត មានទីតាំងសម្រាប់ទទួលភ្ញៀវ ដើម្បីជួយសម្រួសសណ្តាប់ធ្នាប់ ក្នុងរមណីយដ្ឋានប្រាសាទបន្ទាយស្រី។
លោក សំ សាលី ជាមគ្គទ្ទេស បានឲ្យដឹងថា បច្ចុប្បន្នភ្ញៀវមានចំណូលចិត្តមកទស្សនា ប្រាសាទបន្ទាយស្រីច្រើន បន្ទាប់ពីទស្សនាប្រាសាទអង្គរ ភ្ញៀវដែលមកទស្សនាភាគច្រើនគឺភ្ញៀវជនជាតិចិនគឺជាប់លំដាប់ថ្នាក់ទី១ បន្ទាប់មក គឺជនជាតិកូរ៉េ ជប៉ុន ថៃ ចំណែកប៉ែកខាងសហភាពអ៊ឺរ៉ុបគឺមានការថយចុះ ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។
ប្អូនស្រី សំណាង ជាអ្នកលក់វត្ថុអនុស្សាវរីយ៍ ក្នុង រមណីយដ្ឋានប្រាសាទបន្ទាយស្រី បានបង្ហើបឲ្យដឹងថាផងដែរថា ការលក់ដូរបច្ចុប្បន្ន មានភាពលំបាកខ្លាំងណាស់ ដោយសារភ្ញៀវចេះតថ្លៃ ហើយឲ្យតំលៃទាបស្ទើរតែមិនស្មើរដើមក៏មានដែរ ហើយចំពោះវត្ថុអនុស្សាវរីយ៍ លក់មិនសូវជាដាច់នោះទេ តែបែរជាលក់ដាច់ផ្នែកខាងទឹក ក្រូច ទឹកដូង និងផ្លែឈើ រីឯផ្នែកខាងអាហារវិញ ភ្ញៀវកម្រនឹងហូបបាយខ្លាំងណាស់ ដោយមានភ្ញៀវខ្លះបាននាំនំចំណី និងម្ហូបអាហារពីសណ្ឋាគារមកជាមួយ ដោយមានក្រុមហ៊ុនទេសចរណ៍ ចាត់ចែងបាយទឹករួចជាស្រេច ដោយសារ មានក្រុមហ៊ុនខ្លះបានធ្វើការផ្សព្វផ្សាយដល់ភ្ញៀវទេសចរណ៍ថា បើមកលេងស្រុកខ្មែរកុំហូបបាយតាមប្រាសាទ កុំទិញវត្ថុអនុស្សាវរីយ៍ ព្រោះអ្នកដឹកភ្ញៀវ គេបានកុំម្យុង ដោយសារតែក្រុមហ៊ុនទាំងនោះឆ្លៀតពេលនោះលក់ចំណី ឲ្យភ្ញៀវ ទើបបានធ្វើឲ្យមុខរបរលក់ដូរតាមប្រាសាទមិនសូវកាក់កប។
ដោយ ប៊ុន រដ្ឋា