សៀមរាប៖ នេះជាលើកទី១ហើយនៅក្នុងខេត្តសៀមរាប ដែលមានការសាងសង់បង្គន់អនាម័យ ប្រព័ន្ឋប្រព្រឹត្តកម្មទឹកសម្អុយបែបវិមជ្ឈកា ឌីវ៉ាត់ ដែលបានកំចាត់ទឹកសម្អុយឲ្យក្លាយទៅជាទឹកធម្មតា និងត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅក្នុងសាលាបឋមសិក្សាខ្នាសចាស់ ស្ថិតនៅ
សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីសម្ពោធបង្គន់អនាម័យ សម្រាប់ឲ្យសិស្សានុសិស្សប្រើប្រាស់ ត្រូវបានធ្វើឡើងនៅវេលាម៉ោង ៨.៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ ២០១៧ ដោយមានការចូលរួមពីសំណាក់ លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹកក្សាក្រុងសៀមរាប លោក គង់ ប៊ឹប សមាជិកក្រុមប្រឹក្សាសង្កាត់ជ្រាវ និងលោកស្រី លីប៊ី វិលសិន ដែលជាម្ចាស់ជំនួយរបស់អង្គការ រ៉ូតារីខ្លឹបអន្តរជាតិ តាមរយះ រ៉ួតារី រ៉ូបាត់វ៉ាយ ប្រទេសអូស្រ្តាលី និងលោក ប៊ុន ទិត្យរិទ្ធ ប្រធានខ្លឹបរ៉ូតារីសង្កែបាត់ដំបង ។
លោក ឡេរ ឆុំ នាយកសាលារៀនខ្នាចាស់ បានឲ្យដឹងថា សាលារៀនខ្នាចាស់នេះ បានចាប់បដិសន្ធិឡើងក្នុងឆ្នាំ ១៩៧៩ ដែលមានទំហំផ្ទៃដី ៩២ម៉គុណ៨២ម៉ ស្មើរ៧,៥៤៤ម2 សាលាបានដំណើរការចាប់តាំងពីជញ្ជាំងប្រកស្លឹកដូង ដំបូលស័ង្ខសី ធ្វើអំពីកូនឈើ តាំងពីមួយខ្នង២បន្ទប់ រហូតមកដល់បច្ចុប្បន្ន សាលារៀនបានអភិវឌ្ឍន៍មានភាពរីកចំរើន ខាងវិស័យអប់រំ សាលាមានលទ្ធភាពសាងសង់ ៦អាគារ មាន២៤បន្ទប់ មានបន្ទប់បណ្ណាល័យមានបង្គន់អានាម័យចំនួន២អាគាររួមទាំងដាក់សម្ពោធក្នុងថ្ងៃនេះផងដែរ ដែលជាបង្គន់ប្រព័ន្ឋព្រឹត្តកម្មទឹកសម្អុយ បែបវិមជ្ឈការ ឌីវ៉ាត់ បានសាងសង់នៅថ្ងៃទី ២៤ខែវិឆ្ឆិកាឆ្នាំ ២០១៦ រហូតធ្វើរួចនៅថ្ងៃទី២២ខែកុម្ភះ ឆ្នាំ២០១៧ ចំណាយថវិកាអស់ ២៣,០០០ ដុល្លា របស់អង្គការ រ៉ូតារីក្លឹបអូស្រ្តាលី ។
លោក គង់ ប៊ឹប សមាជិកក្រុមប្រឹក្សាសង្កាត់ជ្រាវ បានមានប្រសាសន៍ថា ដោយមើលឃើញនូវផលពិបាក និងភាពខ្វះខាត បង្គន់អនាម័យក្នុងសាលា ក៏បានរួមគ្នាគិតរួមគ្នាធ្វើ ទាំងនាយាកសាលា ទាំងគណកម្មការទ្រទ្រង់សាលា បានរកជំនួយដើម្បីសាងសង់បង្គន់អនាម័យបំពេញសេចក្តីត្រូវការរបស់សិស្ស ទើបបានការជំនួយឧបត្ថម្ភពីអង្គការ រ៉ូតារីក្លឹបអូស្រ្តាលី និងសម្របសម្រួលថវិកាដោយ រ៉ូតារីក្លឹបសង្កែបាត់ដំបង។
លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប បានមានប្រសាសន៍ ណែនាំឲ្យកូនៗសិស្សានុសិស្សទាំងអស់ ខិតខំយកចិត្តទុកដាក់រៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ពីលោកគ្រូអ្នកគ្រូ ត្រូវធ្វើជាកូនល្អរបស់ឪពុកម្តាយ ជាសិស្ស ល្អរបស់សាលារៀន ហើយកុំទៅពាក់ព័ន្ឋនឹងគ្រឿងញៀន ត្រូវរាយការជូនសមត្ថកិច្ច ព្រោះគ្រឿងញៀនវាបាន បំភ្លេចបំផ្លាញអនាគត់ បំផ្លាញប្រព័ន្ឋសាសៃប្រសាទខួក្បាល បណ្តាលឲ្យមនុស្សគ្រោះថ្នាក់ដល់ជីវិតរាប់ម៉ឺននាក់ ហើយក៏សូមចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្តិភាពដើម្បីការពារអាយុជីវិតរបស់កូនៗ ហើយក៏សូមបញ្ជាក់ថា ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ នៅក្នុងប្រទេសកម្ពុជា គឺជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនកុំបី មានការយល់ច្រឡំបន្តទៀត។
លោកស្រី លីប៊ី វិលសិន អង្គការ រ៉ូតារីក្លឹបអូស្រ្តាលី បានមានប្រសាសន៍ថា កញ្ចប់ថិកាសម្រាប់សាងសង់សមិទ្ធិផល នៅសាលានេះ ទៅថ្ងៃក្រោយនឹងបន្តធ្វើជួសជុលសាលាបន្តទៀត ហើយយើងនឹងធ្វើការរួមគ្នា ដើម្បីឲ្យសាលានេះ ទទួលបាននូវអត្តប្រយោជន៍ដល់សិស្ស និងប្រជាពលរដ្ឋ ក្នុងការបំរើសេវាកម្មវិស័យអប់រំ និងបានផ្តាំផ្ញើរដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាឲ្យសាលានេះក្លាយទៅជាសាលាគំរូមួយ នៅក្នុងខេត្តសៀមរាប ៕
ដោយ ខេង ឧត្តម