ខេត្តស្ទឹងត្រែង = ប្រភពពត័មានពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថា បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ខាងក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ កំពុងកើតឡើងយ៉ាងគគ្រឹក គគ្រេងនៅភាគឦសាន ដោយសារក្រុមឈ្មួញប្រើប្រាស់អាជ្ញាប័ណ្ណក្រុមហ៊ុន សំអាតបាតអាង ដែលកំពុងតែសប្បាយចិត្តរីកថ្លើមធ្វើឲ្យឈើខុសច្បាប់ ក្លាយទៅជាឈើស្របច្បាប់ នៅក្នុងភាគឦសាន ។
ប្រជាសហគមន៍ក្នុងឃុំស្រែគរ ស្រុកសេសាន បានង្ហើបឲ្យដឹងថា អាជ្ញាធរខេត្តស្ទឹងត្រែងពិសេស មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាននិង សមត្ថកិច្ចពាក់ព័ន្ធដទៃទៀតមិនបានត្រួតពិនិត្យឈើខុសច្បាប់ដែលឈ្មួញដឹកពីតំបន់ក្រៅបាតអាង ចូលទៅក្នុងតំបន់ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ នោះទេ។ ផ្ទុយទៅវិញ ពួកមន្ត្រីខិលខូចមួយចំនួនគេបានឃុបឃិតឲ្យមានបទល្មើសកើតឡើងយ៉ាងអនាធិបតេយ្យដើម្បីជាថ្នូរនឹងផលប្រយោជន៍ យ៉ាងសុខស្រួលសប្បាយចិត្តរីកថ្លើមរកទីបញ្ចប់គ្មាន។
ប្រភពពីប្រជាសហគមន៍ក្នុងឃុំស្រែគរ បានឲ្យដឹងទៀតថាមានរថយន្តបង្កុង និងរថយន្តយីឌុបជាច្រើនគ្រឿងក្នុងមួយថ្ងៃៗដឹកឈើចេញពីតំបន់ក្រៅបាតអាង ចូលទៅក្នុងតំបន់បាតអាង រួចទើបដឹកចេញពីតំបន់បាតអាងទៅកាន់បណ្តាខេត្តនានាយ៉ាងរលូនព្រោះមានការ ឃុបឃិតជាមួយសមត្ថកិច្ចច្រើនស្ថាប័ន។ ប្រភពពីសមត្ថកិច្ចតូចតាចបានឲ្យដឹងថា មាន មនុស្សម្នាក់ឈ្មោះ ជ័យ ជាអ្នករត់ការបើកផ្លូវឲ្យរថយន្តធំៗដឹកឈើចេញពីតំបន់បាតអាងទំនប់ វារីអគ្គិសនីសេសានក្រោម២ ទៅកាន់បណ្តាខេត្តផ្សេងៗក្នុងនោះក៏មានការដឹកឈើចេញទៅ ស្រុកតាមច្រករបៀងជាច្រើនកន្លែងក្នុងខេត្តស្វាយរៀងផងដែរ។ ជាក់ស្តែងថ្មីៗនេះសមត្ថកិច្ច ចម្រុះឆែកឆេរទីតាំងស្តុកឈើរបស់ឈ្មួញនៅក្នុងស្រុករមាសហែកនិងស្រុករំដួល ខេត្តស្វាយ រៀង ហើយរកឃើញ ឈើខុសច្បាប់រាប់រយម៉ែត្រគូប។
អ្នកស្រឡាញ់ព្រៃឈើក្នុងខេត្តស្ទឹងត្រែង និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ឈើក្នុងផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវបំផ្លាញអស់ទាំងស្រុងតាំងពីអំឡុងឆ្នាំ ២០១៥ ព្រោះឈ្មួញកាប់ដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងពេញបន្ទុក។ ចំណែកឈើដែលឈ្មួញដឹក ចេញបច្ចុប្បន្នគឺជាឈើដែលគេកាប់នៅក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនី ដោយជ្រកនៅ ក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុនសំអាតបាតអាងយ៉ាងរលូនព្រោះមានមន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយមួយចំនួនជួយបិទបាំង។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធជាពិសេសលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនគួរឈរអោបដៃ មើលតទៅទៀតទេ ព្រោះព្រៃឈើក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ កំពុងប្រឈមនឹងសេចក្តីវិនាសហិនហោច៕