បន្ទាយមានជ័យ៖ កម្ពុជានៅសល់ផ្ទៃដីជិត២.០០០គីឡូម៉ែត្រក្រឡាទៀត,ត្រូវចំណាយថវិកាប្រមាណ ៤០៦លានដុល្លារ អាម៉េរិកដើម្បីបោសសម្អាតមីននិងកាកសំណល់សង្គ្រាម។
មន្ត្រូីថ្លែងដូច្នោះក្នុងទិវាជាតិយល់ដឹងពីមីនលើកទី១៨ប្រារព្ធធ្វើកាលពីថ្ងៃទី២៤ ខែកុម្ភៈ
ឆ្នាំ២០១៧ ក្នុងបរិវេណវិទ្យាល័យថ្មពួកស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកលើកកម្ពស់ បន្ថែមទៀតនូវការយល់ដឹងអំពីគ្រោះថ្នាក់ ដោយសារមីននិងសំណល់ជាតិ ផ្ទុះពីសង្គ្រាមនិងអំពាវនាវរកជំនួយសប្បុរសធម៍។
ឯកឧត្តមទេសរដ្ឋមន្ត្រីសេរី កុសល អនុប្រធានទី១អាជ្ញាធរមីន កម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីមកពីស្ថាប័ន រាជរដ្ឋាភិបាល អាជ្ញាធរដែនដី តំណាងដៃគូអភិវឌ្ឍន៍ អង្គការ ជាតិអន្តរជាតិប្រតិបត្តិករសកម្មភាពមីន ប្រជាពលរដ្ឋសិស្សានុសិស្ស ប្រមាណ ជិត២.០០០នាក់។
ឯកឧត្តម សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីនបានអានសារលិខិត សម្តេចតេជោ ហ៊ុន សែន ថ្លែងជូនជនរួមជាតិក្នុងឱកាសទិវាយល់ដឹងពីមីនលើកទី១៨ ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៧ ដែលបានបញ្ជាក់ពីសមិទ្ធផលរំដោះមីននេះ ថាគិតមកដល់ឆ្នាំ ២០១៧ សកម្មភាពបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាលក្ខណៈមនុស្សធម៌នៅកម្ពុជា មានរយៈពេល២៥ឆ្នាំមកហើយ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៦ ប្រតិបត្តិការ សកម្មភាពមីនទាំងអស់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល រួមនឹងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ក្រោមការសម្របសម្រួល របស់អាជ្ញាធរមីន បានប្រឹងប្រែងរួមសម្រេចរំដោះដីមានមីនបានជាង ១.៥០០គីឡូម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិឋានធ្វើស្រែចម្ការ កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានាហើយបាន រកឃើញនិងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ១.០៣៦.៣៧៦គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះ ២៤.២៥១គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាម ២៦៦.០៦៣៨គ្រាប់ ព្រមទាំងបាន ធ្វើឱ្យចំនួនជនរងគ្រោះ ធ្លាក់ចុះពី៤.៣២០នាក់ ត្រឹមក្នុងឆ្នាំ១៩៩៦ មកត្រឹម៨៣នាក់ ក្នុងឆ្នាំ២០១៦កន្លងទៅ។
របាយការណ៍របស់អាជ្ញាធរមីន បានឱ្យដឹងថា កម្ពុជានៅមានផ្ទៃដីសង្ស័យថាមានមីន និងគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះប្រមាណជាង១.៩៤៦គីឡូម៉ែត្រក្រឡាទៀតដែលត្រូវធ្វើការបោសសម្អាតពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៥ និងត្រូវចំណាយថវិកាប្រមាណ ៤០៦លានដុល្លារ អាម៉េរិក។សារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្រាប់មីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម ជាកេរ្តិ៍ដំណែលបន្សល់ទុកពីសង្គ្រាមឥណ្ឌូចិន និងជម្លោះផ្ទៃក្នុង កម្ពុជា អស់រយៈពេលបីទសវត្សរ៍ មិនត្រឹមតែបង្កសោកនាដកម្មដ៏ធ្ងន់ធ្ងរចំពោះអាយុជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេប៉ុន្តែថែមទាំងឧបសគ្គសម្រាប់ការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ និងសេដ្ឋកិច្ច ជាតិទៀតផង។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ ឱ្យបងប្អូនជនរួមជាតិ ដែលរស់នៅក្នុងតំបន់ រងផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើង ដោយសារគ្រាប់ទាំងនោះ។
កិច្ចប្រតិបត្តិការ សំអាតមីន តែមួយ ផ្នែកមិន អាចផ្តល់សុវត្ថិភាពទាំងស្រុង ជូនប្រជាពលរដ្ឋបានឡើយ ការងារគួបផ្សំដ៏ សំខាន់មួយទៀតនៃវិស័យសកម្មភាពគឺការអប់រំ ឱ្យប្រជាពលរដ្ឋបានយល់ដឹងអំពីគ្រោះថ្នាក់ ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល បានបញ្ជាក់ថា ការទប់ស្កាត់គ្រោះថ្នាក់ដោយសារ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។
សមិទ្ធផលដែលយើងសម្រេចបានកន្លងមក ពិតជាធំធេងណាស់ ដោយការខិតខំប្រឹងប្រែងរួមគ្នា របស់រាជរដ្ឋាភិបាលស្ថាប័នពាក់ព័ន្ធគ្រប់ថ្នាក់ដៃគូអភិវឌ្ឍន៍ ពិសេសប្រតិបត្តិករបោសសម្អាតមីន ដែលបាននិងកំពុងធ្វើសកម្មភាពតាមតំបន់រងផលប៉ះពាល់នានា។
ឯកឧត្តមទេសរដ្ឋមន្ត្រី សង្ឃឹមថាដៃគូទាំងអស់នឹងបន្តជួយឱ្យសម្រេចគោលដៅចុង ក្រោយគឺធ្វើឱ្យកម្ពុជាអស់មីន ពីទឹកដីរបស់ខ្លួន ពុំមានអ្នកស្លាប់និងរបួសដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមជាស្ថាពរ៕ ដោយ:ឃិន គន្ធា





































