ខេត្តព្រះសីហនុ៖បង្គោលស្មាច់ដែលត្រូវបានគេបោះវាទីចូលក្នុងបឹងកង្កែបក្បែរឆ្នេរសមុទ្ររាមនៅតែបន្តលបលួចបោះចូលថែមទៀតបន្ទាប់ពីជំនាញជលផលបានហាមឃាត់ធ្វើកិច្ចសន្យាបញ្ឈប់កាលពីថ្ងៃទី២៣កុម្ភៈកន្លងទៅថ្មីៗនេះ។សកម្មភាពនេះហាក់ដូចជាកំពុងផ្គើនមន្ត្រីជលផលខេត្តព្រះសីហនុដែលបានចុះមកហាមឃាត់កាលពីពេលថ្មីកន្លងមកនេះ។
លោក ថា ឡុង ដែលអះអាងថាជាម្ចាស់ទីតាំងនេះបានអោយដឹងថា លោកបោះបង្គោលចូលបឹងនេះមានគោលបំណងចិញ្ចឹមក្រែងឈាម។មូលហេតុដែលគាត់នៅតែបន្តធ្វើដោយសារបងរបស់គាត់ឈ្មោះភា នៅភ្នំពេញអោយធ្វើ។
គួររំលឹកថានៅព្រឹកថ្ងៃទី២៣កុម្ភៈ២០១៧ក្រុមប្រជាពលរដ្ឋជាច្រើនគ្រួរសារអមដោយមន្ត្រីជំនាញជលផលនិងអជ្ញាធរផងដែរបានចុះទៅហាមឃាត់និងអោយដកបង្គោលស្មាច់ដែលបានលបលួចបោះចូលទៅក្នុងបឹងកង្កែបស្ថិតក្នុងភូមិអុងឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ ចេញវិញបន្ទសប់ពីបានបោះរួចហើយបានចំនួន១៦០បង្គោល។ហើយគ្រានោះក៍បានអោយម្ចាស់ទីតាំងនោះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផងដែរ។
លោក ឯម ភា នាយសង្កាត់ជលផលព្រៃនប់បានអោយដឹងគ្រាដែលលោកចុះពិនិត្យកិច្ចការនេះថា មិនអនុញ្ញាតអោយបុគ្គលណារំលោភយកបឹងនេះបានជាដាច់ខាត។បង្កោលដែលបានបោះចូលបឹងនេះនឹងត្រូវដកចេញវិញទាំងអស់។តែយ៉ាងណាធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពមិនបានប៉ុន្មានថ្ងៃផង លោក ថា ឡុង បានបន្តលួចបោះបង្គោលចូលបឹងនេះដដែល។បញ្ហានេះទាំងជំនាញជលផលនិងអាជ្ញាធរខេត្តព្រះសីហនុមិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។
ទោះយ៉ាងនេះក្តី លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជាCNRO ប្រចាំខេត្តព្រះសីហនុសំណូមពរអោយមន្ត្រីជំនាញនិងអាជ្ញាធរខេត្តមេត្តាមានវិធានការណ៍ជាបន្ទាន់ដើម្បីជៀសវាងការទន្ទ្រានរំលោភបឹងដោយអាណាធិបតេ្តយ្យបែបនេះ។លោក សុខ សុខុម បន្តថា ការធ្វើបែបនេះវានាំអោយប៉ះពាល់ដល់ជីវចំរុះនៅបឹងមួយនេះនិងអាចប៉ះពាល់ដល់ជីវភាពអ្នកនេសាទដទៃទៀតដែលរស់អាស្រ័យផលនឹងបឹងមួយនេះផងដែរ។
សូមបញ្ជាក់ជូនថា ឆ្នាំ២០១៦កន្លងមក បឹងនេះត្រូវបានអង្គការCNRO បាននាំកូនកោងកាងជាង១០០០ដើមមកដាំនៅទីនេះផងដែរហើយគ្រានោះ ឯឧ អភិបាលខេត្តព្រះសីហនុ យន្ត មីន រួមទាំងមន្ត្រីតាមស្ថាបន័នានាក្នុងខេត្តក៏បានចូលរួមដាំផងដែរ។
ប៉ុន្តែអ្វីដែលជាការសង្ស័យរបស់ប្រជាពលរដ្ឋនោះគឺថាការបោះបង្គោលស្មាច់នេះមិនមែនសំរាប់ចិញ្ចឹមកូនក្រែងនោះឡើយ។ព្រោះថាការធ្វើស៊ុមក្រែងមិនដែលឃើញគេយកស្មាច់ទៅបោះដូចបោះគ្រឹះសំណង់ក្នុងទឹកបែបនេះទេ។ពលរដ្ឋសង្ស័យថាការបោះបង្គោលស្មាច់នេះទំនងជាទុកសំរាប់សាងសង់សំណង់នៅលើបឹងនេះនៅពេលខាងមុខ៕