ភ្នំពេញ ៖ ដើម្បីពង្រឹងច្បាប់ចរាចរផ្លូវគោក និងសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅយប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៤ តាមបណ្ដោយផ្លូវលេខ២៨៩ គណៈបញ្ជាការ ឯកភាព ខណ្ឌទួលគោក បានបើកប្រតិបត្តិការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យមួកកញ្ចក់ នៅតាមដងផ្លូវ ដើម្បីពង្រឹងសន្ដិសុខនិងពង្រឹងច្បាប់ចរាចរផ្លូវគោកជូនប្រជាពលរដ្ឋ។
នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះគេឃើញមានកម្លាំងប្រដាប់អាវុធចំរុះជាង៥០នាក់ បានធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងមួកកញ្ចក់ នៅតាមដងផ្លូវ២៨៩ចាប់ពីវេលាម៉ោង៨ដល់ម៉ោង១០យប់ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ស្របពេលដែលបទល្មើសផ្សេងបានកើតមានឡើងតាមបណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញក្នុងរយៈពេលថ្មីៗនេះ។
ជាលទ្ធផលគេឃើញមានប្រជាពលរដ្ឋមួយចំនួនតូចនៅមិនទាន់បានគោរពច្បាប់ចរាចរផ្លូវគោកឱ្យបានត្រឹមត្រូវនោះទេ ដោយគេឃើញមានអ្នកជិះម៉ូតូគ្មានកញ្ចក់ និងមិនពាក់មួកការពារសុវត្តិភាព ថែមទាំងយានយន្តមួយចំនួនមានបំពាក់អំពូលឡាស៊ែខុសប្រក្រតី ហើយត្រូវបានសមត្ថកិច្ចធ្វើការអប់រំនិងផាកពិន័យនៅនិងកន្លែងតែម្ដង។
សមត្ថកិច្ចក៏បានសំណូមដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនានា សូមបើកបរដោយមានការអាធ្យាស្រ័យអោយគ្នាទៅវិញទៅមក និងរួមគ្នាគោរច្បាប់ចរាចរអោយត្រឹមត្រូវ ដើម្បីការពារជីវិតរបស់អ្នកនិងជីវិតរបស់អ្នកដ៏ទៃផងដែរ៕