អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបន្តជួយផ្គត់ផ្គង់ទឹកដល់កងទ័ពសម្ព័ន្ធមេត្រីភាពដែលឈរជើងតាមចំណុច ខ្ពស់ទិសទី១ប្រាសាទព្រះវិហារ!

0

វិហារ:ដោយមើលឃើញពីតំរូវការ នៃការប្រើប្រាស់ទឹកនៅមានការខ្វះខាត នៅតាមចំណុចខ្ពស់ដែលកងទ័ពសម្ព័ន្ធមេត្រី ភាពកំពុងឈរជើងតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ ទិសទី១ប្រាសាទព្រះវិហារ អង្គភាពរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ និងបន្តជួយផ្គត់ផ្គង់បន្ថែមទៀត ទៅតាមតំរូវការដែលកងពលបានស្នើរសុំ នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខកង ទ័ពសម្ព័ន្ធមេត្រីភាព កងពលតូចអន្តរាគមន៍លេខ៨ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៧ចុងសប្តាហ៍កន្លងទៅ ។
ឯកឧត្តមបន្តថា ចាប់តាំងពីឆ្នាំ២០០៨ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានរៀបចំ ប្រព័ន្ធធារាសាស្ត្រផ្គត់ផ្គង់ ទឹកស្អាត ជូនដល់កងទ័ពកងពលតូចអន្តរាគមន៍លេខ៨ អតីតកងពលតូចថ្មើជើងលេខ៤៣ ដែលឈរជើងការពារ ទឹកដីតាមចំណុចខ្ពស់ ទិសទី១ប្រាសាទព្រះវិហារ សម្រាប់ស្ទុបទុក្ខប្រើប្រាស់ទៅតាមតំរូវការផងដែរ ដោយឡែកនៅ ចំណុចខ្ពស់ខ្លះ ដែលកងពលតូចអន្តរាគមន៍លេខ៨បានស្នើរសុំ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងបន្តជួយ បន្ថែមទៀតតាមលទ្ធភាពដែលអាចធ្វើបាន ។ ឯកឧត្តមបានបញ្ជាក់ឲ្យដឹងដែរថា អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពីមុនជាអង្គភាពស្វយ័ត ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋទាំងស្រុក រហូតមកដល់ខែ០៤ ឆ្នាំ២០១២ អង្គភាព បានចូលទៅក្នុងទីផ្សារមូលបាត់ ក្នុងនោះ៨៥% ជាភាគហ៊ុនរបស់រាជរដ្ឋាភិបាល និង១៥% ជាភាគហ៊ុនឯកជន ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ មានប្រសាសន៍ថា ភារៈកិច្ចក្នុងភូមិ សាស្ត្រជាក់ស្តែងដែលកងពលតូចអន្តរាគមន៍លេខ៨ទទួលខុសត្រូវ មានពីស្រុក៖ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តមានជ័យ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចំងាយជាង២៨គីឡូម៉ែត្រ តែបើគិតពីចំងាយភ្នំមានចំងាយជាង ៥០គីឡូម៉ែត្រ ដូច្នេះអង្គភាពមានការលំបាកខ្វះខាតជាច្រើន ពិសេសប្រព័ន្ធធារាសាស្ត្របញ្ជូនទឹក សម្រាប់ផ្គត់ផ្គង់ ទឹកឲ្យដល់គោលដៅ ដែលកងទ័ពកំពុងឈរជើងការពារនៅតំបន់ខ្ពស់ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ តាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា.ថៃ ។ សូមបញ្ជាក់ថា នៅក្នុងដំណើរចុះសាកសួរសុខទុក្ខរបស់គណៈប្រតិភូរដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ បាននាំមកនូវ សម្ភារៈបរិក្ខា និងគ្រឿងឧបភោគ បរិភោគ ជូនដល់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ សំរាប់អភិវឌ្ឍន៍ទីបញ្ជាការ និងជួសជល់លែនដ្ឋាន រួមមាន៖ដែក១៤លី១តោន ដែក១២លី២តោន ដែក៦លី៦០០ គីឡូ ស័ង្កសី២០០០សន្លឹក ស៊ីម៉ង់ត៍២០តោន លួសចំណង១០០គីឡូ ខ្សាច់១៥០ម៉ែត្រគីប ថ្ម ១០០ម៉ែត្រគីប ធុងទឹកចំណុះ១០០០លីត្រ ២ធុង .ធុងទឹកចំណុះ៥០០លីត្រ ២ធុង .ធុងទឹកចំណុះ២០០លីត្រ ៦ធុង និងគ្រឿងឧបភោគ បរិភោគ សម្ភារៈបរិក្ខាជាច្រើនមួយចំនួនទៀត ។ ព្រមទាំងឧបត្ថមថវិការចំនួន៥លានរៀលដល់ទីបញ្ជាការ និងវរសេនាតូចទាំង៥ចំណុះ ក្នុង១វរៈថវិការ២លានរៀល ។ បន្ទាប់មកគណៈប្រតិភូ បានពិសារបាយសាម្គីជា មួយ នាយទាហាន នាយទាហានរង និងពលទាហាន ដោយភាពស្និតស្នាលដូចជាគ្រួសារតែមួយ យ៉ាងសប្បាយ រីករាយ ៕ សួនលីណា