ខេត្តព្រះសីហនុ៖ ក្មេងស្រីចំនួន៧នាក់ បានលង់ទឹកស្លាប់ ខណៈពួកគេជឹះទូកចុះបេះផ្កាឈូកក្នុងបឹងព្រែកទប់ក្បែរឆ្នេរឯករាជ្យ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងនិងខេត្តព្រះសីហនុ និងគ្មានអ្នកជួយសង្រ្គោះទាន់ពេលវេលា។ហេតុការណ៍នេះបានកើតឡើងនៅព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។
កុមារីរងគ្រោះ(សាកសព)មានទីលំនៅនៅក្បែរបឹងព្រែកទប់ ក្បែរវត្តឥន្ទញ្ញាណហៅ វត្តក្រោម ។ សាកសពកុមារីទាំងអស់មានឈ្មោះ៖
-ទី១ឈ្មោះ សិត ស្រីម៉ៅ អាយុ៦ឆ្នាំ
-ទី២ឈ្មោះ ពោល គា អាយុ១០ឆ្នាំ
-ទី៣ឈ្មោះ ហួរ ស្រីគឹម អាយុ៧ឆ្នាំ
-ទី៤ឈ្មោះ ច្រាំង សុីអុី អាយុ១៣ឆ្នាំ
-ទី៥ឈ្មោះ ជា សុខនឿន អាយុ៧ឆ្នាំ
-ទី៦ឈ្មោះ ម៉េង ស្រីនុច អាយុ៦ឆ្នាំ
-ទី៧ឈ្មោះ ហុឹម ស្រីមុឺប អាយុ៩ឆ្នាំ។
បើយោងតាមប្រភពកុមារីបានឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងកុមារីទាំងអស់មានគ្នា៨នាក់ បានជិះទូកលេងទៅបេះផ្កាឈូកក្នុងបឹងព្រែកទប់ បន្ទាប់មកក៏លិចទូក ហើយក៏មានក្មេងប្រុសម្នាក់ឈ្មោះ វី បានលោតទឹកទៅជួយស្រង់យកបានក្មេងស្រីម្នាក់ឈ្មោះ កាញ៉ាញ់ ហើយនៅសល់៧នាក់ទៀតបានលង់ទឹកស្លាប់ក្នុងហេតុការណ៍នោះតែម្តង ។
បន្ទាប់មកសាកសពទាំងអស់បានស្រង់យកមកដាក់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ភ្លាមៗនោះក៏គេសង្កេតឃើញមានវត្តឯកឧត្តមអភិបាលខេត្តព្រះសីហនុនិងសប្បុរសជននានាៗទៀតបានយកអំណោយនិងថវិការទៅចូលបុណ្យសពកុមារីទាំង៧នាក់នេះផងដែរ។ជាមួយគ្នានេះផងដែរ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានជួយឧបត្ថម្ភគ្រួសារនៃសព ក្នុងមួយគ្រួសារៗ ទទួលបានថវិកា 100$ និងអង្ករ(50គីឡូ) ចំនួន1បាវ ។
គ្រួសារនៃសាកសពទាំងអស់សំដែងការអាលោះអាល័យសោកសង្រែកក្នុងហេតុការណ៍ដ៏រន្ធត់បានត្របាក់យកជីវិតកូនស្រីជាទីស្រលាញ់របស់ពួកគាត់ ដោយសារការធ្វេសប្រហែសរបស់ពួកគាត់ ។បច្ចុប្បន្នសាកសពទាំងអស់ត្រូវបានយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តឥន្ទញ្ញាណហៅវត្តក្រោមនៅសង្កាត់៣ក្រុងព្រះសីហនុ ៕