ក្រុងឡុងដ៍ៈ មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីអគារខ្ពស់បំផុតនៅក្រុងឡុងដ៍ប្រទេសអង់គ្លេស ដោយសារការភ័យខ្លាចនៃការឆេះនៅក្នុងបន្ទប់ក្រោមដីនៃអគារនោះ។ នេះបើតាមវេបសាយបរទេស ផ្សាយកាលពីថ្ងៃទី៥ខែមិថុនា ឆ្នាំ២០១៤។ ប្រភពនេះបានឲ្យដឹងថា ក្រុមកម្មករ និងមនុស្សជាច្រើនរូបទៀតត្រូវបានជម្លៀស និងផ្លាស់ប្តូរចេញពីអគារខ្ពស់បំផុតរបស់អង់គ្លេសនៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមពន្លត់អគ្គិភ័យបានមកអន្តរាគមន៍ក្រោយពីមានផ្សែងនៅបន្ទប់ក្រោមដីនៃ
អគារកម្ពស់ 87 ជាន់នេះ។ អ្នកនាំពាក្យកងពន្លត់អគ្គិភ័យបាននិយាយថា៖"យើងកំពុងធ្វើការស៊ើបអង្កេតអ្វីដែលជាប្រភពនៃផ្សែងមកពីបន្ទប់ក្រោមដីនោះ”។ ក្រុមអ្នកពន្លត់អគ្គិភ័យត្រូវបានគេមើលឃើញថា ភ្លាមៗពួកគេបានប្រញាប់ប្រញាល់លើកគ្របប្រហោងនៅតាមផ្លូវជុំវិញអគារនេះដើម្បីស្វែងរកបុព្វហេតុនៃផ្សែងទាំងនោះ។ ប៉ុន្តែមិនទាន់មានរបាយការណ៍ជាក់លាក់នៅឡើយទេ៕