កំពង់ធំៈ ក្រៅពីការងារស្នូលរបស់អង្គភាព នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានយកចិត្តទុកដាក់ លើការងារអតីតយុទ្ធជន ដែលបានចាត់ទុកជាវីរៈជនដ៏មានគុណបំណាច់លើប្រទេសជាតិ មិនតែប៉ុណ្ណោះ ក៏បានផ្តោតសារៈសំខាន់ទៅលើវិស័យមនុស្សធម៌ និងវិស័យព្រះពុទ្ធសាសនា ក្នុងការចូលរួមចំណែកកសាង សាលាបុណ្យ ព្រះវិហារ សាលាឆាន់ ដើម្បីថែរក្សានូវវប្បធម៌ព្រះពុទ្ធសាសនា តាមគន្លងប្រពៃណីជាតិខ្មែរ។
ជាក់ស្តែង ស៊ីម៉ង់ចំនួន១តោន ត្រូវបានក្រុមការងារ សហការី ដឹកនាំដោយ ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកមកប្រគល់ជូន តាមការស្នើរសុំនិងសំណូមពរពីចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋនៅក្នុងភូមិថ្នល់បែកខាងលិច ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដើម្បី ចូលរួមចំណែកក្នុងការសាងសង់សាលាបុណ្យមួយខ្នងទំហុំ ៨ម៉ែត្រx១០ ម៉ែត្រ នេះជាការចូលរួមចំណែកក្នុងការសាងសង់សមិទ្ឋិផលថ្មីមួយទៀតជាមួយពុទ្ឋបរិស័ទនិងប្រជាជនយើង។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានឲ្យដឹងថា ការសាងសង់សាលាបុណ្យមួយខ្នងនេះ គឺជាការចូលរួមចំណែកក្នុងការ ថែរក្សាវប្បធម៌ប្រពៃណី តាមព្រះពុទ្ធសាសនា ម្យ៉ាងទៀតដែលមានភាពងាយស្រួលសម្រាប់ពុទ្ឋបរិស័ទ្ធធ្វើបុណ្យ និងសុំសិល្ប៍ ដោយសាលាបុណ្យនេះអាចប្រើប្រាស់នូវពិធីបុណ្យផ្សេងៗ តាមតំម្រូវការរបស់បងប្អូនប្រជា ពលរដ្ឋ ដែលពិធីប្រគល់ស៊ីម៉ង់១តោននេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៣ ខែមិនា ឆ្នាំ ២០១៧ ។
ប្រជាពលរដ្ឋ លោកយាយ លោកតា បានថ្លែងអំណរគុណដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលតែង តែចូលរួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់លើការងារសុខសុវត្តិភាព ការងារចុះជួយដល់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសុំឲ្យការងារសម្រេចបានជោគជ័យគ្រប់ភារកិច្ច ។
ដោយ ប៊ុន រដ្ឋា



































