ការគ្រប់គ្រងដីរបស់លោក ទុន វិរភាព ជាការរំលោភច្បាប់ និងមិនគោរពថ្នាក់ដឹកនាំ ក្នុងពេលខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌

0

ខេត្តរតនគិរីៈ ក្រុមអាជ្ញាធរបានសង្កត់ធ្ងន់ថា នឹងទៅវាយតម្លៃនៃផលប៉ះពាល់បរិស្ថាន ឬថានឹងត្រូវចេញលិខិតផ្អាកការឈូសឆាយ ប្រសិនមិនអនុវត្តតាមច្បាប់ ហើយនិងថាការឈូសឆាយដីរបស់នាយរងផ្នែករដ្ឋបាលព្រៃឈើបរកែវ វាហដូចជាស្ថាប័នឯករាជ។

ការឆ្លើយតបពីក្រុមអាជ្ញាធរបែបនេះគឺបន្ទាប់ពីការឈូសឆាយដីដ៏មានទំហំធំមួយកន្លែងត្រូវគេមើលឃើញថា នៅតែបន្តសកម្មភាពអភិវឌ្ឍន៍លក្ខណៈឯកជនដដែល នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧នេះ ត្រង់ចំណូចបណ្ដោយមាត់ទន្លេសេសាន្ត ស្ថិតក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ទិដ្ឋភាពដែលគេបានឃើញ គឺដី ដ៏ធំធេងនោះ ត្រូវគេឈូសពង្រាបរួចរាល់ហើយ ហើយសក្មភាពនៃក្រុមកម្មករនៅទីនោះ ក៍នៅតែបន្តសកម្មភាពដដែល ។ដីនៅតាមមាត់ទន្លេសេសាន្តត្រង់ចំណុចនោះ ត្រូវគេឈូសល្វឹងល្វើយ និងពង្រាបយ៉ាងល្អប្រណីត ។នៅក្នុងទីតាំងនោះតៀតសោត ត្រូវគេឃើញថាបានបង្កើតផ្លូវ ជាលក្ខណៈខ្វាត់ខ្វែង មានទាំងការរៀបចំជាកញ្ចុះទទួលភ្ញៀវ របៀបជារមណីយដ្ឋានឯកជនស្របច្បាប់ និងរៀបប្រព័ន្ធដទៃទៀត ដែលបំរើឲ្យផលប្រយោជន៍នៅទីនោះ ។ទីតាំងដីដែលគេរៀបចំយ៉ាងហំហាននេះ គឺជាដីរបស់លោក ទុន វិរភាព មានតួនាទីជានាយរងផ្នែករដ្ឋបាលព្រៃឈើបរកែវ «មានន័យថា» គាត់ជានីតិបុគ្គល ឬជាបុគ្គលដែលកំពុងតែកាន់ច្បាប់ទម្លាប់ ឬថាជាបុគ្គលដែលគ្រប់គ្រងដោយច្បាប់របស់រដ្ឋ ។

ការឈូសឆាយដីរបស់លោក ទុន វិរភាព នៅពេលនេះ គឺលោកបានសំអាងថា ដីនោះបានទិញពីប្រជាពលរដ្ឋ ដែលជាដីចំការស្រាប់ ដូច្នេះរាល់ការឈូសឆាយ មិនបាច់ឆ្លងកាត់អាជ្ញាធរនោះឡើយ ។នេះបើយោងតាមការឆ្លើយតបរបស់លោក ទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ។បើទោះបីជាលោក ទុន វិរភាព ឆ្លើយដោះសារយ៉ាងណាក៏ដោយ ក៏មេឃុំសេសាន្ត លោក សេវ ស្វែន ឆ្លើយតបអ្នកកាសែតក្នុងថ្ងៃដដែលនោះថា លោកមិនដឹងទេ ការឈូសឆាយនេះធ្វើឡើងស្រេចតែនឹងអំពើចិត្ត មិនបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានឡើយ។ ជាមួយគ្នានោះ លោកមេឃុំ ក៏ត្រូវបានគេដឹងថា បានអំពាវនាវដល់ក្រុមហ៊ុនណាក៏ដោយ បើចង់ឈូសឆាយលើដីត្រង់ចំណុចណានៅក្នុងឃុំ ត្រូវតែធ្វើសេចក្ដីជូនដំណឹងដល់រដ្ឋបាលឃុំជាដាច់ខាត ។

ចំណែកលោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ និងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ក៏បានឆ្លើយក្នុងថ្ងៃដដែលនោះថា ករណីឈូសឆាយដីព្រៃ ឬដីចំការរបស់លោក ទុន វិរភាព គឺគេធ្វើអីមិនដែលគោរពច្បាប់ ឬគោរពអ្នកណាទេ ។

ដោយឡែកនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧នេះ លោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ មានប្រសាសន៍ថា លោកមិនយល់ទេ គាត់ជាអ្នកកាន់ស្ថាប័នច្បាប់ហ្នឹងហើយ ហើយឈូសឆាយរបៀបហ្នឹង។លោកថា ការឈូសឆាយនេះជាលក្ខណៈឯករាជ្យ បើមិនឯករាជ្យគេត្រូវឆ្លងកាត់អាជ្ញាធរហើយ រឿងនេះទុកឲ្យថ្នាក់លើរបស់គាត់ចាត់ចែងទៅ អាជ្ញាធរគ្រាន់តែមានភារកិច្ចសម្របសម្រួលប៉ុណ្ណោះ ។

ចំណែកប្រធានមន្ទីបរិស្ថានខេត្ត លោក ផុន ខេមរិន្ទ មានប្រសាសន៍ថា លោកមិនប្រាកដថាវាមានផលប៉ះពាល់បរិស្ថានកំរិតណាទេ ប៉ុន្តែនៅក្រោយបញ្ចប់កិច្ចប្រជុំនៅភ្នំពេញរួច លោកនឹងចាត់ចែងក្រុមការងារ ដើម្បីពិនិត្យវាយតម្លៃទីតាំងនោះជាក់ស្ដែង។
ដោយឡែកអនុប្រធានមន្ទីរសុរិយោដីខេត្ត លោក ទឹម មុន្នីរ័ត្ន មានប្រសាសន៍ថា ជាទូទៅយើងតែងតែគិតថា ច្រាំងទន្លេ គឺត្រូវដកឃ្លាពី៥០ម៉ែត្រទៅ១០០ម៉ែត្រ គិតតាមស្ថានភាពដី ។

លោកថា រាល់ការឈូសឆាយដែលពាក់ព័ន្ធជាមួយនឹងការរំលោភ បំពានរបស់ក្រុមហ៊ុន ដែលមិនទុកចំណីដីទន្លេនោះ វាជារឿងខុសច្បាប់ហើយ ។លោកបញ្ជាក់ថា វាជារឿងច្បាប់ហើយ ពាក់ព័ន្ធជាមួយដីចំណីមាត់ទន្លេ ដូច្នេះការផ្ដល់កម្មសិទ្ធ ក៏មិនអាចផ្ដល់ទៅលើចំណីមាត់ទន្លេបានដែរ គឺត្រូវកាត់ចេញពី៥០ម៉ែត្រទៅ១០០ម៉ែត្រ។

បើផ្អែកលើទិដ្ឋភាពច្បាប់ លោកបានសង្កត់ថា នឹងត្រូវចេញលិខិតទៅលើម្ចាស់ករណីឲ្យផ្អាកការឈូសឆាយ ហើយប្រសិនមិនអនុវត្តតាមនោះទេ នឹងត្រូវអនុវត្តតាមច្បាប់ជាធរមាន ។គេកំពុងរងចាំមើលថា តើលោក ទុន វិរភាព នឹងត្រូវអនុវត្តតាមច្បាប់បែបណា ដើម្បីចូលទៅគ្រប់គ្រងដីនោះឲ្យក្លាយជាកម្មសិទ្ធស្របច្បាប់ ខណៈពេលដែលក្រុមអ្នកកាសែត មិនអាចស្វែងរកការឆ្លើយតប តាមប្រព័ន្ធទូរស័ព្វរបស់លោកបាន ក្នុងថ្ងៃទី១៣ ខែមិនា នេះក្រុមមន្ត្រីនិយាយថា ការគ្រប់គ្រងដីរបស់លោក ទុន វិរភាព ជាការរំលោភច្បាប់និងមិនគោរពថ្នាក់ដឹកនាំ ក្នុងពេលខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌៕ដោយ: យក្ខឡោម