កំពង់ឆ្នាំ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចពេជ្រជោ ក្នុងភូមិដំណាក់ខ្លុង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបម៉ាស៊ីនអារឈើ២កន្លែង ។ រោងម៉ាស៊ីនអារឈើខាងលើទាំងពីរកន្លែងនេះបានធ្វើសកម្មយ៉ាងគគ្រឹកគ្រេងអស់រយៈពេលជាយូរណាស់មកហើយ ដែលហៅថារោងម៉ាស៊ីនអារឈើដុះស្លែ រហូតថ្ងៃទីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ ទើបឃើញមានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបតែម្តង ។
រោងម៉ាស៊ីនទាំងពីរកន្លែងខាងលើនេះ ត្រូវបានគេស្គាល់ម្ចាស់ មានឈ្មោះ រិន ជាមន្ត្រីយោធា និងឈ្មោះ បូរ អ្នកទាំងពីររូបនេះជាអ្នករកស៊ីឈើដុះស្លែក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងការបង្ក្រាបរោងម៉ាស៊ីនអារឈើខាងលើ សមត្ថកិច្ចដកហូតបានម៉ាស៊ីនអារឈើ ចំនួន ២គ្រឿង និងឈើគ្រប់ប្រភេទជាច្រើន ។
វត្ថុតាងត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរមាស ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។ មជ្ឈដ្ឋានទូទៅសរសើរចំពោះការបង្ក្រាបរោងម៉ាស៊ីនអារឈើខាងលើនេះយ៉ាងខ្លាំង ព្រោះកន្លងមកខណៈព្រះរាជអាជ្ញាចាស់ មិនដែលឃើញមានសកម្មភាពដឹកនាំបង្ក្រាបរោងម៉ាស៊ីន អារឈើខាងលើនេះឡើយ ។
ប៉ុន្តែទោះបីយ៉ាងណាក៍ដោយ មជ្ឈដ្ឋានទូទៅបាននិយាយពិភាក្សាតៗគ្នា និងចាំមើលថា តើការធ្វើសកម្មភាពបង្ក្រាបរោងម៉ាស៊ីនអារឈើនេះ ធ្វើបន្តដូចភ្លៀងរលឹម ឬគ្រាន់ជាការគោះទឹកបង្អើលត្រីអោយចូលស៊ងតែប៉ុណ្ណោះ។