ខេត្តរតនគិរីៈឈើប្រណីតប្រភេទធ្នង់ជាង១០០ដុំនិងរថយន្តស៊េរីទំនើបមួយគ្រឿង ត្រូវអាវុធហត្ថខេត្តសហការជាមួយអាវុធហត្ថស្រុក ឃាត់ស្ទាក់ ចាប់បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ខណៈរថយន្តនោះដឹកបទល្មើសតាមបណ្តោយផ្លូវជាតិលេខ៧៨ពីខេត្តស្ទឹងត្រែងមកចូលខេត្តរតនគិរី។
រថយន្តនិងបទល្មើសឈើប្រណីតនេះ ត្រូវអាវុធហត្ថចាប់បាន កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧នេះ ត្រង់ចំណុចភូមិពីរ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី ។
ប្រតិបត្តិការនេះដឹកនាំដោយលោកវរៈសេនីយត្រី ឃី សុខា ប្រធានមន្ទីរបច្ចេកទេសនិងសន្តិសុខអាវុធហត្ថខេត្តរតនគិរី សហការជាមួយអាវុធហត្ថស្រុកកូនមុំ។
លោក សុខា បានអោយដឹងថា នៅក្រោយពេលទទួលព័ត៌មានតាមទូរស័ព្ទ លោកបាននាំកំលាំងចុះទៅកាន់តំបន់នោះ ទើបប្រទះឃើញរថយន្តម៉ាក លុចស៉ីសRX ៣០០ពណ៌ស្ក គ្មានផ្លាកលេខ ដឹកឈើប្រណីតប្រភេទធ្នង់ពេញតែម្តង ខណៈនោះកំលាំងបានឃាត់និងរឹបអូសរថយន្តនាំមកកាន់បញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីវាស់វែងនិងបញ្ជូនទៅស្ថាប័នជំនាញ។
របាយការណ៍របស់វរៈសេនីយត្រី ឃី សុខា ឈើប្រណីតនៅក្នុងរថយន្តនោះ មានចំនួនសរុប១០៩ ដុំ ជាប្រភេទឈើធ្នង់សុទ្ធ តែមិនទាន់ដឹងបរិមាណម៉ែត្រត្រីគុណនៅឡើយទេ។
នៅព្រឹកថ្ងៃទី១៤ ខែមិនានេះ វត្ថុតាងទាំងឈើនិងរថយន្ត ត្រូវអាវុធហត្ថខេត្ត ធ្វើពិធីប្រគល់ទៅជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនីតិវិធីបន្តទៀតហើយ ចំណែកម្ចាស់រថយន្តបានគេចខ្លួនបាត់ ក្នុងពេលដែលចុះបង្រ្កាប៕ដោយ: យក្ខឡោម