សៀមរាប៖ ប្រជាពលរដ្ឋក្នុងភូមិព្រុំកុដិ ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានត្អូញត្អែរ អស់រយ:ពេលបីឆ្នាំមកហើយ ដែលពួកគាត់ធ្វើស្រែរដូវវស្សារមិនទទួលបានផលសោះ បើទោះជាមានទឹកភ្លៀងគ្រប់គ្រាន់យ៉ាងណាក៏ដោយ។តាមការរៀបរាប់របស់អ្នកភូមិបានឲ្យដឹងថាដីនៅក្នុងតំបន់របស់ពួកគាត់ជាប្រភេទដីល្បាយខ្សាច់តាំងពីដើមរៀងមកពួកគាត់អាចប្រកបមុខរបរធ្វើស្រែវស្សារនេះបានផលគ្រាន់ចិញ្ចឹមជីវិតដែរ។ប៉ុន្តែអស់ពេលជាងបីឆ្នាំមកនេះមានក្រុមហ៊ុនលីហាំងសេងបានមកជីកកកាយយកអាចម៍ដីលក់ ជាហេតុធ្វើឲ្យទឹកក្នុងស្រែរបស់ពួកគាត់ ហូរច្រោះចូលទៅក្នុងរណ្តៅដីដ៏ជ្រៅ និងមានទំហំប្រមាណជាងប្រាំពីរហិកតា។ គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៥ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ បានផ្តិតមេដៃប្តឹងក្រុមហ៊ុនជីកយកអាចម៍ចំនួន០៤(បួន) ដែលធ្វើអាជីវកម្ម នៅក្នុងភូមិសាស្រ្តភូមិព្រំកុដ្ឋ និងភូមិត្រាច នៃឃុំបាល្ល័ង្គ ស្រុកប្រសាទបាគង ទៅអង្គភាព ប្រឆាំងអំពើពុករលួយ ។ ក្រុមហ៊ុទាំង០៤មាន ក្រុមហ៊ុនអ៊ាង ចំរើន, លី ហាំងសេង, លី អ៊ុំអេង, និងក្រុមហ៊ុនសុខ ហួរ ឬម៉េងហួរ។បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើលិខិតមួយជូនសាលាខេត្តសៀមរាប ដើម្បីពិនិត្យ ករណីនេះ។នៅថ្ងៃ១២ ខែតុលា ឆ្នាំ២០១៦ អភិបាលខេត្តសៀមរាប ឯកឧត្តមឃឹម ប៊ុនសុង បានធ្វើរបាយការណ៍មួយជូនទៅអង្គភាពប្រឆាំងអំពើពុករលួយវិញ ដោយក្នុងលិខិតនេះ បានបញ្ជាក់ថា មានក្រុមហ៊ុនតែបីប៉ុណ្ណោះដែលធ្វើអាជីវកម្មជីដីល្បាប់ បូមខ្សាច់ និងខ្សាច់ បក នៅក្នុងភូមិសាស្រ្តនៃភូមិទាំងពីរខាងលើ។ របាយការណ៍ដ៏ដែលបានបន្តថា មានក្រុមហ៊ុន អ៊ាង ចំរើន តែមួយប៉ុណ្ណោះដែលធ្វើអាជីវកម្មមានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល ចំណែកក្រុមហ៊ុនលី អ៊ុំអេង និងក្រុមហ៊ុនលី ហាំងសេង មិនមានច្បាប់ អនុញ្ញាតនោះទេ ក្នុងនោះក្រុមហ៊ុនលី ហាំងសេង បានបញ្ចប់សកម្មភាពរបស់ខ្លួន ជាស្ថាពរ ហើយ។ ប៉ុន្តែ ផ្ទុយពីរបាយការណ៍របស់អភិបាលខេត្តសៀមរាបប្រជាពលរដ្ឋក្នុងភូមិព្រុំកុដ្ឋិ បានអះអាង កាលពីព្រឹកថ្ងៃទី១៥ ខែមីនាឆ្នាំនេះថា រហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនលី ហាំងសេង នៅតែមានសកម្មភាពដឹកអាចម៍ដីដោយមិន មានច្បាប់អនុញ្ញាត ដដែល ។ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋនេះលោកលីហាំងសេង បានថ្លែងប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី១៥មីនានេះថា លោកមិនមានពាក់ព័ន្ធការជីកដីនោះទេ ហើយដីនោះលោកបានលក់ឲ្យឈ្មោះ គិត សុទ្ធារិទ្ធ តាំងពីបីបួនឆ្នាំមុនមកម្ល៉េះ ។ ភ្នាក់ងារមហាជន មិនអាចទាក់ទងសុំការបំភ្លឺពីលោកគិត សុទ្ធារិទ្ធ បានទេនាល្ងាចថ្ងៃទី១៥នេះ ។ ចំណែកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប លោកជូ រ៉ានី ក៏មិនអាចទាក់ទងសុំបំភ្លឺបានដែរ ដោយសារហៅទូរស័ព្ទចូលមិនមានអ្នកទទួល៕ដោយ ស៊ាន សុផាត