- ខេត្តព្រះសីហនុ៖សិស្សពូកែចំនួន១៨នាក់ដែលមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហុចម្រាញ់ជ្រើសរើសបានដើម្បីត្រៀមទៅប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសនៅពេលខាងមុខនេះត្រូវបានឯកឧត្តមអភិបាលខេត្តព្រះសីហនុជួបសំណេះសំណាល ផ្តល់បណ្ណ័សរសើរនិងរង្វាន់លើកទឹកចិត្តនាព្រឹកថ្ងៃទី១៨មីនា២០១៧នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ។
ឯឧ យន្ត មីន បានផ្តាំផ្ញើដល់ក្មួយៗដែលជាសិស្សពូកែទាំង១៨នាក់នេះថា សូមអោយខិតខំអោយបានខ្លាំងថែមទៀតដើម្បីត្រៀមប្រឡងយកចំណាត់ថ្នាក់ល្អអោយបានដើម្បីជាកិត្តិយសមុខមាត់ខេត្តព្រះសីហនុយើង។
ឯឧ បន្តថា ជោគជ័យនេះគឺផ្តើមចេញពីខ្លួនយើងផ្ទាល់មុនគេនិិងសំខាន់ជាងគេក្នុងចំណោមផ្នែកជាប់ពាក់ពន្ធ័មួយចំនួនទៀតរួមមាន សាលារៀន គ្រួសារ និងសង្គម។
គ្រានោះដែរឯឧ ក៍បានរំលឹកថាប្រទេសជាតិអាចរីកចំរើនទៅបានគឺអាស្រ័យលើធនធានមនុស្សសំខាន់បំផុត។
ក្នុងគ្រាជាមួយគ្នានេះដែរ លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ បញ្ជាក់ថាសិស្សពូកែទាំង១៨នាក់នេះមានថ្នាក់ទី៩៩នាក់ ថ្នាក់ទី១២មាន៩នាក់ដូចគ្នាដែរ ដោយផ្តោតលើបីមុខវិជ្ជាគឺអក្សរសិល្ប៍ខ្មែរ គណិតវិទ្យានិងរូបវិទ្យា។
លោក កែវ ឡាយ បានលើកឡើងនៅចំពោះមុខសិស្សពូកែទាំងនេះថាប្រសិនបើខេត្តព្រះសីហនុបានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ លេខ២ ឬលេខ៣ មន្ទីរអប់រំនឹងមានរៀបចំកម្មវិធីលើកទឹកចិត្តជូនក្មួយទៀត។
សូមបញ្ជាក់ជូនថា តាមការគ្រោងទុកកាលបរិច្ឆេទនៃការប្រឡងជ្រើរើសសិស្សពូកែទូទាំងប្រទេសនេះនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៧ខាងមុខនេះនៅខេត្តបាត់ដំបងប្រសិនបើមិនមានការប្រែប្រួលទេ។សាវ៉ុន