ពលរដ្ឋ​ចាញ់ក្តី សូម​ណូ​ម​ពរ​សម្ដេច​តេ​ជោ​និង​សម្ដេច​ក​ត្តិ​ព្រឹ​ត្ធ​បណ្ឌិត​ជួយ​រក​យុ​ត្តិ​ធ៌​ម​អ្នកមានអំណាច​រំលោភ​យ​កដី​

0

សៀមរាប​:ក្រោយពី​តុលាការ​អនុវត្ត​ដីកា​ដោយ​ជោគជ័យ កាល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៤ កន្លងទៅ​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​ចាញ់ក្តី​បាន​លើកដៃ​សំពះ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជាពិសេស​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​សម្ដេច​ក​ត្តិ​ព្រឹ​ត្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​សូមជួយ​រក​យុ​ត្តិ​ធ៌​ម​ជូន​ដល់​ពួកគាត់​ផង​ក្នុងនោះ បាន​លើកឡើងថា អាជ្ញាធរ​ឃុបឃិត លួច​ធ្វើ​ប្លង់ដី​របស់ខ្លួន ឲ្យ​ភាគី​ម្ខាង​។

​ឈ្មោះ មាន ម៉ារ​ឌី ហៅ ចិត្ត ជា​កូនប្រុស​លោក អ៊ូ ជឿន ភាគី​ចាញ់ក្តី បាន​ឲ្យ​ដឹងថា ដី​ដែល​គ្រួសារ​ខ្លួន​រស់នៅ បាន​ចាប់​មានទំនាស់ នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៣​។ ក្រោយ​មានទំនាស់ តុលាការ​បាន​ចុះ​អនុវត្ត​ដីកា​ចំនួន​បី​ដង​មកហើយ តែ​មុន​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៤ តុលាការ​បាន​យក​ដីកា​បង្គាប់​ឲ្យ​អនុវត្ត​ដោយ​ស្ម័គ្រចិត្ត មក​ឲ្យ​គ្រួសារ​របស់ខ្លួន រុះរើ​របង​ក្រាក់ និង​រោង​ស​ង្ក័​សី​ចេញ ពី​ដី​របស់ខ្លួន (​ដី​ទំនាស់​) ក្នុង​រយៈពេល ៧​ថ្ងៃ បើ​មិន​ដូច្នេះ​ទេ តុលា​ការចុះ​រុះរើ ដោយ​មិន​ទទួល​រាល់​ការខូចខាត ឬ​បាត់បង់​ផ្សេងៗ​។

ដោយ​ខ្លាច​អំណាច​ដីកា​គ្រួសារ​ខ្លួន បាន​រុះរើ​ខ្លួនឯង​។​ ​លោក​មាន​ម៉ារ​ឌី​បន្ថែមថា ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​៤​មិថុនា ពេល​តុលាការ​ចាកចេញ​ពី​កន្លែងកើតហេតុ ក្រោយ​ធ្វើ​កំណត់ហេតុ​ចប់ ស្ត្រី​មានអំណាច ជា​ប្រពន្ធ​លោក ហង្ស សុ​វណ្ណា ដែលជា​ភាគី​ជម្លោះ បាន​ឲ្យ​កូនចៅ​របស់ខ្លួន​ច្រើន​នាក់ មក​ដក​បង្គោលក្រាក់ ដែល​បោះ​កំណត់​ព្រំដី​របស់ខ្លួន​ចោល មិនតែប៉ុណ្ណោះ​ស្ត្រី​មានអំណាច​រូបនោះ បាន​ទូរ​សព្ទ័​ហៅ​មន្ត្រី​តុលាការ​ឲ្យ​មក​ចង្អុល បញ្ជា​ឲ្យ​រុះរើ​ផ្ទះបាយ​របស់ខ្លួន​ទៀត តែ​ត្រូវបាន​រារាំង ព្រោះ​ខុសពី​ក្នុង​ដីការ​។​ ​ម៉ារ​ឌី បាន​និយាយថា ការដែល​ស្ត្រី​ខាងលើ​បញ្ជា​មន្ត្រី​តុលាការ​បាន​តាមចិត្ត បញ្ជាក់​ឲ្យ​ឃើញថា ពិតជា​អ្នកមានអំណាច​។ ស្ត្រី​នោះ ដំបូង​ឡើយ បាន​សុំ​ដី​គេ​នៅ ទីបំផុត​គាត់​ប្តឹង​យក​ដី​របស់គេ ដោយ​ជោគជ័យ តាមរយៈ​ឃុបឃិត ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ លួច​ធ្វើ​ប្លង់​ស្ងាត់ៗ ទាំង​ម្ចាស់ កំពុង​រស់នៅ​។​

​យុវជន​ដដែល​រៀបរាប់ថា គ្រួសារ​ខ្លួន បាន​កាន់កាប់​ដី​ទំនាស់​នេះ ចាប់តាំងពី​ឆ្នាំ​១៩៨៣ ហើយ​នៅ​ឆ្នាំ​១៩៨៦ ម្តាយ​របស់លោក ហង្ស សុ​វណ្ណា បាន​មកសុំ​គ្រួសារ​គាត់ ជ្រកកោន ដោយ​សុំ​ធ្វើ​ផ្ទះ​នៅ ចាប់ពីពេលនោះ​មក ការរស់នៅ​ជាធម្មតា ពុំមាន​ទំនាស់​អ្វី​ទេ​។ លុះ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៣ ក៏​ស្រាប់តែ​ប្រពន្ធ​លោក ហង្ស សុ​វណ្ណា នាំ​កូនចៅ​ជាច្រើន​នាក់ មក​រុះរើ​របង ដោយ​ចោទថា ធ្វើ​លើដី​របស់គេ ដែលមាន​ប្លង់​។ តាមពិត​ប្លង់​នោះ ទើបតែ​ធ្វើ​នៅ​ខែមេសា ឆ្នាំ​២០១៣ គឺ​លួច​ធ្វើ ដើម្បី​ប្តឹង​យក​ដី ដែល​ធ្លាប់​សុំ​គេ​ជ្រកកោន​។​ ​យុវជន​នោះ​បញ្ជាក់ថា ចាប់ពីពេលនោះ​មក ក៏​មានការ​ប្តឹងផ្តល់រ​ហូត ហើយ​តុលាការ​បាន​ចុះមក​អនុវត្ត​ឲ្យ​រុះរើ​របង និង​រោង​ជា​បន្តបន្ទាប់ តែ​ស្ថាប័ន​ច្បាប់ ហាក់ដូច​មិន​ស៊ើប​ប្រវត្តិ​រឿង​សោះ បែរជា​កាត់ក្តី​ឲ្យ​ភាគី ធ្លាប់​សុំ​ដី​ជ្រកកោន ឈ្នះ​ទៅវិញ​។​ ​

លោក​មាន​ម៉ារ​ឌី​ថា ក្រោយ​មានការ​ប្តឹងផ្តល់​គ្នា ភាគី​ជម្លោះ ដែល​អាង​អំណាច តែង​ធ្វើ​សកម្មភាព​រំលោភបំពាន មកលើ​គ្រួសារ​របស់គេ​ជា​បន្តបន្ទាប់ ជាក់ស្តែង កាល​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៤ គេ​បាន​យក​ឡាន ឡង់​គ្រី​ស័​រ ១​គ្រឿង មក​ចត​បិទ​ច្រកចូល​ផ្ទះ បង្ខាំង​មនុស្ស​មួយ​គ្រួសារ មិន​ឲ្យ​មាន​ច្រកចេញចូល​។

ទោះបីជា​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ក៏​ពុំមាន​ន​ណា​ម្នាក់ ហ៊ាន​យក​ឡាន​នោះ​ចេញ​ដែរ ប៉ូលិស រាប់​ពី​ថ្នាក់​តូច​ដល់​ថ្នាក់​ធំ ពេលមកដល់​ឃើញ​ហេតុការណ៍ បាន​ត្រឹម​គ្រវីក្បាល ក៏​ត្រឡប់​ទៅវិញ​អស់​។ លុះ​ពាក់​កណ្តាលយប់​ថ្ងៃទី​១៦ ដោយ​ឃើញ​ភាពអយុត្តិធម៌ ប៉ូលិស​ទូទាំង​ខេត្តសៀមរាប គ្មាន​សមត្ថភាព​ដោះស្រាយ ពលរដ្ឋ​រស់នៅ​ក្បែរ​ខាង និង​ពលរដ្ឋ ដែល​ធ្វើដំណើរ​តាមផ្លូវ បាននាំគ្នា​ជួយ​លើក​ឡាន​នោះ​យកទៅដាក់​កណ្តាល​ថ្នល់ បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍​ពេញ​ថ្នល់ ទើប​ប៉ូលិស ហ៊ាន​ទៅយក​ឡាន​នោះ​ចេញ​។​

​ ​តាមពិត​ដោយសារ​ឡាន​នោះ ជា​ឡាន​លោក ហង្ស សុ​វណ្ណា អតីត​អ្នកគ្រប់គ្រង​សណ្ឋាគារ បុរី​អង្គរ បច្ចុប្បន្ន​គ្រប់គ្រង​សណ្ឋាគារ ឡូ​ទុ​ស​ប្លង់ ជា​សណ្ឋាគារ​របស់លោក ឃឹម ប៊ុន​សុង ចៅហ្វាយខេត្ត​សៀមរាប​ដែល​ទើប​និង​កាន់តំណែង​ថ្មីៗ​។ អីចឹង​ហើយ​បានជា មិនមាន​សមត្ថកិច្ច​ណា ហ៊ាន​អូស​ឡាន​នោះ ចេញពី​ការបិទច្រក​បង្ខាំង​មនុស្ស​ទេ​។​ ​

ក្រៅពី​រៀបរាប់ និង​ភ័យខ្លាច​ពី​ការបាត់បង់​ដី និង​ផ្ទះ យុវជន​រួមទាំង​ក្រុមគ្រួសារ បាន​លើកដៃ​សំពះ​សុំ​ឲ្យ​ច្បាប់ ពិចារណា និង​ផ្តល់​ភាពយុត្តិធម៌​ដល់​គ្រួសារ​គាត់​ជាថ្មី ហើយ​អ្វីដែល​កើតមាន ចំពោះ​ក្រុមគ្រួសារ​ខ្លួន គឺ​សុំ​ឲ្យ​បានដឹង​ដល់​សម្តេច​ហ៊ុនសែន និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត​។ នោះ​គឺ​ធាតុពិត អ្នក​មកសុំ​ដី​នៅ ហើយ​ប្តឹង​ដណ្តើមយក​ដី​ម្ចាស់​ដើម ព្រោះតែ​គេ​មាន​លុយ និង​មានអំណាច​។​1959452_671285539586613_3837402811314399396_n