VIDEO ស្ទឹងព្រៃ​ប្រស់ កំពុងតែ​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ឈ្មួញ ចាក់ដីរំលោភ​យក​ចំណីមាត់​ស្ទឹងធ្វើកម្មសិទ្ធ

0

ខេត្តកំពង់ធំ : មាត់ស្ទឹង​ព្រៃ​ប្រស់ កំពុងតែ​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ឈ្មួញ ​ឈ្មោះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ រំលោភ​យក​ចំណី​ស្ទឹង ដែលជា​បឹង​ធម្មជាតិ​នេះ យកធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដើម្បី​សាងសង់​ជា​កន្លែង លក់​ម្ហូបអាហារ ដោយ​មិន​ខ្វល់​ពី​ការ កែលម្អរ និង អភិរក្ស បឹង​ព្រៃ​ប្រស់​របស់​រាជរដ្ឋាភិបាល នោះឡើយ​។​

​ប្រជាពលរដ្ឋ​បាន​សម្ដែង​នូវ​ការសោកស្ដាយ​យ៉ាងខ្លាំង ខណៈពេលដែល​រមណីយ​ដ្ឋា​ន​ធម្មជាតិ​តាំងពី​ដូនតា មួយ​នេះ ត្រូវបាន​រំលោភ​យក​ពី​សំណាក់​ ក្រុមហ៊ុនវរៈ ប៊ុនថាំ ដោយ​ផ្អែកទៅលើ​លិខិត កាន់ កាប់ ដែល​ចេញ​ដោយ​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​។​

​លោក អ៊ុន បុត្រ អភិបាលស្រុក​កំពង់ស្វាយ​ ធ្លាប់បាន​ឲ្យ​ដឹងថា បឹង​ព្រៃ​ប្រស់ ជាបឹងធម្មជាតិ​ស្ថិតនៅ​ខាងលិច​ស្ពាន​ព្រៃ​ប្រស់ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ម្ចាស់​គេ​មានច្បាប់​អនុញ្ញាត​ពី​ខេត្ត​ចំណែក​លោក​មិនធ្លាប់បាន​ចុះហត្ថលេខា​លើ​ លិខិត​កាប់​កាប់ ដីព្រៃ​ប្រស់​នេះ​ទេ ព្រោះ​លោក​ទើបតែ​មកកាន់​តំណែង​ជា​អភិបាលស្រុក​កំពង់ស្វាយ​នេះ រយៈពេល​ខ្លី ចំពោះ​អ្នកចុះហត្ថលេខា​លើដី​នេះ គឺ​លោក អ៊ឹម ថន ជា​អភិបាលស្រុក (​មុន​) ហើយ​បច្ចុប្បន្ន​គាត់​បាន​ចូលនិវត្តន៍​ហើយ​។​

​លោក អ៊ឹម សុ​ឌី​ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សុរិយោ និង​សំណង់ បាន​បញ្ជាក់ថា ដី​នេះ​គេ​មានច្បាប់​អនុញ្ញាត ជា​កម្មសិទ្ធិ ដែល​ទទួលស្គាល់​លេខ​ក្បាលដី​ពី​ប្រធាន​មន្ទីរ​មុន​ឈ្មោះ ឌិ​ត ធន តាំងពី​ឆ្នាំ​២០០៩​។
តាមច្បាប់​ភូមិបាល បឹងបួរ ស្ទឹង អូរ ប្រឡាយ ទន្លេ រួមទាំង​បឹង​ធម្មជាតិ​នានា មិន​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ជំនាញ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ឲ្យ​ទៅ​ បុគ្គល​ណា​ម្នាក់​ឡើយ ប៉ុន្តែ​បច្ចុប្បន្ននេះ អាចជា​អំណាច​ទឹកប្រាក់ របស់ក្រុមហ៊ុនវរះ
ប៊ុនថាំ ដែលកំពុង​ចាក់ដី​លុប​ និងសាងសង់រំលោភ​យក​បឹង​ធម្មជាតិ​ព្រៃ​ប្រស់ សម្រាប់​បើក​ធ្វើ​អាជីវកម្ម​ជា​អាហារ​ដ្ឋា​ន​យ៉ាង​គឃ្លើន។​

​មហាជន​បាន​រិះគន់ថា សោភ័ណភាព និង​សម្រស់​រមណីយដ្ឋាន ព្រៃ​ប្រស់ ដែលជា​បឹង ធម្មជាតិ​ត្រូវបាន​រលាយ​ហិច​ហោច​ដោយសា ឈ្មួញ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រីអាជ្ញាធរ​ដៃដប់ជើងម្ភៃមួយចំនួន។ ទោះជា​ដី​ទីតាំង​ដី​ខាងលើ​ជា​ដី​កម្មសិទ្ធិ​ក៏ដោយ វា​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ទិដ្ឋភាព និង​សោភ័ណភាព​រមណីយដ្ឋាន ដូច្នេះ​ក្រសួងទេសចរណ៍ និង​អាជ្ញាធរ ខេត្តកំពង់ធំ រួមទាំង​មន្ទីរ​ពាក់ព័ន្ធ គួរតែ​ពិចារណា​ឡើងវិញ​។​

​គួររំលឹកថា ក្នុង​តំណែង​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បានគិត​គូរ​ខ្ពស់​ការពារ​ផល់​ប្រយោជន៍​កម្មសិទ្ធិ​គ្រប់គ្រង​ដី​ស្របច្បាប់​ របស់​ប្រជាពលរដ្ឋ ក្នុងនោះ​លោក​ទាំង​ធ្លាប់​ព្រមាន​ផងដែរ និង​ដាក់​ក្នុង​បញ្ជីខ្មៅ​រាល់​ទង្វើ​ណា មានការ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ដី​របស់​រដ្ឋ​។ ថ្មីៗ​នេះ​ឧ​ញ៉ា ឡោក ហួរ មេ​ឈ្មួញ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​រំលោភ​យក​បឹង​ធម្មជាតិ រំលោភ​យក​ដី​អតីត​ឡូត៍​នេសាទ​នៅ​ស្រុក​កៀនស្វាយ មិន​ត្រឹង​តែ​លោក ម៉ៅ ភិ​រុណ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ចេញ​លិខិត​បញ្ជា​ឲ្យ​បញ្ឈប់​សម្មភាព​និង​តម្រូវ​ អាជ្ញាធរ​ស្រុក​ឧ​ញ៉ា ឡោក ហួរ ប៉ុណ្ណោះ​ទេ សូម្បីតែ​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៏បាន​ចាត់ទុក​ឧ​ញ៉ា ឡោក ហួរ នៅក្នុង​បញ្ជីខ្មៅ ករណី​រំលោភ​យក​ដី​បឹង​នោះដែរ​។​
​ករណី​នៅ​ខេត្តកំពង់ធំ ប្រសិនបើ​អាជ្ញាធរខេត្ត​មិនមាន​វិធានការ​ទប់ស្កាត់​ទេនោះ ប្រជាពលរដ្ឋ​មាន​រំពឹង​ទៅលើ​ទេសរដ្ឋមន្ត្រី និង​ចាត់​មន្ត្រី​ជំនាញ​ពិនិត្យ ដើម្បី​ទប់ស្កាត់​រក្សា​ការពារ អភិរក្ស​បឹង​ធម្មជាតិ​ព្រៃ​ប្រស់ ទុកជា​សម្បត្តិ​ធម្មជាតិ របស់​រដ្ឋ ហើយក៏​ជាទី​តាំង​ដែល​ប្រជាពលរដ្ឋ​ទទួលស្គាល់​ទាំងអស់គ្នា​តាំងពី​ដូនតា​ នោះមក​ដែរ​៕  ដោយ   ប៊ុន រិទ្ធី