សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដុតកម្ទេចសាច់មាន់ខូចគុណភាព ជាង៣០០គីឡូក្រាម ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ

0

បន្ទាយមានជ័យ:សាច់មាន់ខូចគុណភាព ប្រមាណជាង៣០០គីឡូក្រាមត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ មកកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយលួចលាក់ ក្រោមរូបភាពផ្សេងៗ ត្រូវបានលោក ស៊ាន ស៊ីណាត ដឹកនាំក្រុមការងារកាំកុងត្រូល សហការជាមួយ គយ នគរបាលអន្តោរប្រវេសន៍ ធ្វើការបង្ក្រាប និងយកសាច់ខូចគុណភាពទាំងនោះទៅដុតកម្ទេចចោលក្រោយពីរកឃើញថា សាច់ទាំងនោះមានជាតិគីមី អាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។
​លោក ឈុន ពិសិដ្ឋ អនុប្រធានសាខាកាំកុងត្រូលប្រចាំច្រកអន្តរជាតិប៉ោយប៉ែត បានអោយដឹងថា សាច់មាន់ខូចគុណភាពទាំងនេះត្រូវបានក្រុមការងាររបស់លោកស្ទាក់ចាប់បានកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧នេះ ខណះឈ្មោះជួលឲ្យកម្មករដឹកតាមរទេះពីថៃចូលមកកម្ពុជា ត្រូវក្រុមការងាររបស់លោក មានការសង្ស័យក៏ធ្វើការឆែកឆេរដើម្បីត្រួតពិនិត្យ ក៏រកឃើញទំនិញខូចគុណភាពទាំងនេះ។
​លោក លន់ ស៊ីថា អនុប្រធានសាខាកាំកុងត្រូល បានអោយដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ក្រុមការងារ បានរកឃើញទំនិញខូចគុណភាព រួមមាន សាច់មាន់ ស្លាបមាន់ ភ្លៅមាន់ គ្រឿងក្នុងចម្រុះ ប្រហិត ត្រី មាន់ ជ្រូក សរុបជាង៣០០គីឡូក្រាម មានម្ចាស់ឈ្មោះ កុយ សុភា ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅ ខេត្តបាត់ដំបង។ទំនិញទាំងនេះត្រូវបានគេ(ឈ្មួញ)បង្កប់ក្នុងរទេះដឹកបន្លែ វេចខ្ចប់យ៉ាងស្អាតស្ទើតែមើលមិនដឹង រួចបានដាក់បន្លែ ផ្លែឈើជាច្រើនពី ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។
​ពាក់ពន្ធ័ករណីខាងលើនេះ លោក ហុង លៀង អនុប្រធានទី១ ទទួលបន្ទុកប្រមូលចំណូល និងទីផ្សារនៃ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ការបង្ក្រាបទំនិញខូចគុណភាព ទំនិញហួសសុពលភាពប្រើប្រាស់ ទំនិញក្លែងក្លាយ គឺមន្ត្រីជំនាញយើងតែងធ្វើជាប្រចាំ ទាំងការចុះពិនិត្យតាមផ្សារ ទីប្រជុំជន តាមជនបទ សាលារៀន ដេប៉ូ ហាង តូប​ ជាញឹកញាប់ ក្នុងនោះក៏បានផ្សព្វផ្សាយពីហានីភ័យម្ហូបអាហារខូចគុណភាព ទំនិញក្លែងក្លាយ និងវិធីបង្ការ ដល់អាជីវករ ប្រជាពលរដ្ឋផងដែរ។ក្រោយពិនិត្យរកឃើញថា សាច់មាន់ និងប្រហិតទាំងនេះគឺគ្មាន​ប្រភពនាំចូលច្បាស់លាស់ ការរក្សាសីតណ្ហភាពមិនបានត្រឹមត្រូវ មានជាតិគីមីរក្សាសាច់អោយស្រស់បានយូរមិនអោយស្អុយ មន្ត្រីជំនាញសម្រេចដុតកម្ទេចចោល ជៀសវាងឈ្មួញយកទៅលក់ នាំអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្រោយបរិភោគ ឬកើតជម្ងឺផ្សេងៗ៕ដោយ:ឃិន គន្ធា