កម្មករស៊ីឈ្នួលកាប់ព្រៃនៅកោះរ៉ុង៦នាក់ត្រូវបានចាប់ឃាត់ខ្លួនគ្រោងចាត់ការតាមច្បាប់

0

ខេត្តព្រះសីហនុ៖ក្រុមកម្មករស៊ីឈ្នួលលួចកាប់ព្រៃអោយគេ ដើម្បីយកដីនៅកោះរ៉ុងចំនួន៦នាក់ត្រូវបានកំលាំងល្បាតរកឃើញនិងបានឃាត់ខ្លួនអោយជំនាញចាត់កាតបន្តនៅថ្ងៃទី២២ខែមីនាឆ្នាំ២០១៧ថ្មីៗនេះណៈពួកគេបានបោះជុំរំកាប់បំផ្លាញព្រៃយកដីអោយគេ។ពេលនេះកំលាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់កាតាមច្បាប់។ដោយឡែកអ្នកជួលឬអ្នកនៅពីក្រោយមិនទាន់ដឹងតំរុយនៅឡើយគ្រាដែលមន្ត្រីជំនាញបរិស្ថានខេត្តព្រះសីហនុអោយដឹងថាកំពុងបន្តនីតិវិធី។

លោក សាមុត ​សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានបញ្ជាក់នៅល្ងាចថ្ងៃទី២២មីនា២០១៧នេះថា”ជនទាំង៦នាក់ខាងលើនេះនិងត្រូវធ្វើតាមច្បាប់ដោយមិនអាចគ្រាន់តែអប់រំណែនាំដូចមុនទៀតឡើយ។”

ពាក់ព័ន្ធករណីនេះដែរ លោក អ៊ី សុខ ឡេង អភិបាលក្រុងព្រះសីហនុថា”អ្នកដែលមានដីនៅលើកោះនេះភាគច្រើនជាអ្នកមានទាំងលុយមានទាំងយសសក្តិធំៗ។លោកអភិបាលក្រុងបន្តថាលោកគាំទ្រអោយមានការអនុវត្តច្បាប់ទើបអាចទប់ស្កាត់បាន។បើនៅតែបន្តវិធីសាស្រ្តអប់រំណែនាំគឺគ្មានប្រសិទ្ធភាពទេ។

គួររំលឹកថារយៈកាលកន្លងទៅកំលាំងបញ្ជាការឯកភាពខេត្តប្រចាំការនៅលើសង្កាត់កោះរ៉ុងបានចាប់ឃាត់ខ្លួនជនដែលជាកម្មករស៊ីឈ្នួលអោយអ្នកមានទាំងឡាយបានជាបន្តបន្ទាប់ដែរតែមិនដែលបានកសាងសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសឡើយគឺបានត្រឹមតែអប់រំណែនាំរួចអោយត្រលប់ទៅផ្ទះវិញរៀងៗខ្លួន។

ទោះជាបែបនេះក្តីពេលនេះយើងរងចាំមើលថា” កម្មករស៊ីឈ្នួលកាប់ព្រៃអោយគេទាំង០៦នាក់នេះមន្ទីរបរិស្ថានខេត្តព្រះសីហនុនិងតុលាការខេត្តព្រះសីហនុនឹងចាត់វិធានការណ៏តាមផ្លូវច្បាប់មានប្រសិទ្ធភាពកំរិតណា?ដោយឡែកអ្នកជួលគេឬអ្នកនៅពីក្រោយនឹងត្រូវស្វែងរកដើម្បីយកមកដាក់ទោសទណ្ឌដែរឬយ៉ាងណា?”