អួង វឹង កំពត:
កំពត៖ ទីបំផុតបឹងព្រែកឬប្រឡាយនានា ដែលអមសងខាងផ្លូវ នៃភូមិសាស្ត្រ ស្រុកកំពង់ត្រាច ខេត្តកំពត ចាប់ផ្តើមបាត់រូបរាង បន្តិចម្តងៗហើយ មិនយូរមិនឆាប់នឹងអាចបាត់ ទ្រង់ទ្រាយដើមទាំងស្រុង ក៏អាចថាបាន បើនៅតែមានការចាក់ដី បំពេញបន្ថែម ឥតឈប់ឈរបែបនេះ។
ដោយសារមានសកម្មភាព ដូចខាងលើ មហាជនទូទៅបានលើកឡើងថា ការចាក់ដីលុបប្រឡាយនិងព្រែកក្នុងភូមិសាស្ត្រ ស្រុកកំពង់ត្រាច ពិតជាបានកើតឡើង ដ៏កក្រើក ពីសំណាក់ប្រជាពលរដ្ឋ ហើយសកម្មភាពនេះក៏បានកើតឡើង
ប្រហែលជាង៣ឆ្នាំមកហើយដែរ ព្រោះអ្នកដែលចាក់ដីលុបប្រឡាយ ឬព្រែកបឹងបួរភាគច្រើន យកទីតាំងបើក អាជីវកម្មផ្សេងៗ តពីម្នាក់ទៅម្នាក់។
បានន័យថា ប្រជាពលរដ្ឋណា អាចចាក់ដីលុបព្រែកឬប្រឡាយបាន អ្នកផ្សេងក៏មានសិទ្ធិចាក់លុប បានដូចគ្នាសំខាន់ឱ្យតែមានក្បាលដីនៅទីនោះ ពិសេសសុំគោលការណ៍ ពីអាជ្ញាធរក្នុងតំបន់នោះ ជាការស្រេច
ម្លោះហើយទើប ទីតាំងភូមិសាស្ត្រ ស្រុក កំពង់ត្រាច ក្លាយជាតំបន់ អភិវឌ្ឍន៍មួយ ដែលមានប្រពៃណី ចាក់ដីលុបប្រឡាយ ព្រែក បឹងបួរ ដោយគ្មានពេលសំរាកបែបនេះ។
ជាក់ស្តែងបើយើងក្រលេកមើលព្រែកនិងបឹង ត្រង់ចំណុចខាងកើត ផ្សារកំពង់ត្រាច ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត កាលពីមុន បឹងនេះមានទ្រង់ទ្រាយធំ ឯព្រែកក៏មានផ្លូវទឹក ធំទូលាយ សំរាប់បញ្ជូនទឹក បញ្ចៀស ជំនន់ដោយគ្មានបារម្មណ៍ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ បឹងក៏កាន់តែ រួមតូចហើយ ព្រែក ក៏កាន់តែបាត់ធាតុដើមម្តងបន្តិចៗ ដែលជាករណីមួយ បង្កការកកស្ទះ ទឹកជាច្រើនអន្លែងផងដែរ។
មជ្ឈដ្ឋានដដែល ក៏បានបង្ហើបទៀតថា សព្វថ្ងៃចំណុចបឹងធម្មជាតិ ខាងលើត្រូវរង ការចាក់លប់ស្ទើក្លាយជាដីគោក គឺគ្មានរូបរាងបឹង ដូចពីមុនឡើយ ដោយការចាក់ដី បើគិតពីអាក់ផ្លូវ មានប្រវែងក្បែរ១០០ម៉ែត្រទៅហើយ ទើបធ្វើឱ្យផ្ទៃបឹងទាំមូល កាន់តែបង្រួមកាន់តូច ស្ទើតែមើលលែងដឹង ថាជាបឹងទៀតហើយ។
លោក ហម សុខភារម្យ នាយករង រដ្ឋបាលសាលា ស្រុក កំពង់ត្រាច បានបញ្ជាក់ អ្នកយកព័តមាន ក្នុងស្រុកតាមទូរសព្ទថា មានពលរដ្ឋ រាយការណ៍ថា មានការចាក់ដីលុបបឹងដែរ លោកក៏ទៅពិនិត្យមើល ទើបយល់ថា ការចាក់នេះពុំបានរំលោភ ចូលក្នុងផ្ទៃបឹងធម្មជាតិទេ ។ព្រោះម្ចាស់ដីគេចាក់លុបតាមឯកសារដី ដែលគិតពីអាក់ផ្លូវ មានប្រវែង៦០ម៉ែត្រឯណោះ។
ទាក់ទិននឹងករណីដដែលនេះ អភិបាលស្រុកកំពង់ត្រាច លោកអ៊ុម សីុណាត បានប្រាប់អ្នកសារព័ត៌មានតាម ទូរសព្ទថា ការចាក់ដីនេះគេមានច្បាប់ត្រូវកុំចេះតែចុះផ្សាយផ្តេសផ្តាស។មន្ត្រីក្តាមខ្យង មួយចំនួន នៅក្នុងស្រុកកំពង់ត្រាច បានលួចខ្សឹម ប្រាប់ អ្នកយកព័តមានថា ការចាក់ដីលុបបឹងនេះ បើគិតពី អាក់ផ្លូវទៅមានប្រវែងជាង៧០ម៉ែត តើលោកអភិបាល ស្រុកគិតដោះស្រាយយ៉ាងណាដែរអំពីបញ្ហារនេះ។