ខេត្តកែប៖ កោះទន្សាយមាន ទីតាំងស្ថិតនៅប៉ែក អាគ្នេយ៍នៃ ទីក្រុងកែប ម្ងាយ៤,៥គីឡូម៉ែត្រ មាន រមណីដ្ឋានធម្មជាតិដ៏ល្អប្រណិត របស់ទីក្រុង ដែលមានលក្ខណៈ អំណោយពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ ចំនួន២កន្លែង ដែលមានវាលខ្សាច់ស ពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូត
សមុទ្រ កម្សាន្តសប្បាយបាន។កោះទន្សាយទឹកសមុទ្រ មានជម្រាលវែងហើយរាក់ ហើយទឹកសមុទ្រ នៅទីនោះមាន ជំរៅរាក់ ដោយសារតែមានឆ្នេរនៅព័ទ្ធ ជុំវិញកោះ ហើយវាមានភាពជម្រាល បន្តិចម្តងៗ ហើយ ជាហេតុធ្វើអោយកោះនេះ ក្លាយជាកន្លែងសំរាប់ការហែលទឹក លេងកំសាន្ត។ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយផល ដល់ការ ស្រាវ ជ្រាវ ប្រព័ន្ធបរិស្ថានចំរុះ។
ឈ្មោះកោះទន្សាយនេះ បានក្លាយមកពី ពាក្យរំសាយ ព្រោះនៅពេលដែល ស្តេចសាគររាជ អស់សង្ឃឹម ក្នុងការ តស៊ូ ដោយមានការ បែកបាក់ពលសេនា និង បក្សពួកខ្លួនអស់ច្រើន ព្រះអង្គក៏បានដឹកនាំអ្នកដែល នៅសេសសល់ ឆ្លងសមុទ្រមកដល់កោះ មួយនៅខាងមុខក្រុងកែប ហើយក៏បានធ្វើការរំសាយទ័ព នៅទីនោះទៅ។ ដោយការហៅ តៗគ្នា កោះរំសាយ បានក្លាយទៅជាកោះអន្សាយ ក្រោយមកក៏បានក្លាយទៅជាកោះទន្សាយរហូតដល់សព្វថ្ងៃនេះ។
កោះទន្សាយមានផ្ទៃដីប្រមាណ ២គីឡូម៉ែត្រការ៉េ ពីដើមជាកន្លែងកែប្រែអ្នកទោស ឱ្យកសាងជីវភាពថ្មី និង នៅការពារទឹកដីកោះផង។
ហេដ្ឋារចនាសម្ព័នទេសចរណ៍ នៅកោះទន្សាយ បានកសាងឡើងនៅ សម័យរាជ រដ្ឋាភិបាលសង្គមរាស្រ្តនិយម មានដូចជាផ្លូវរទេះសេះ ជុំវិញដីកោះ ម៉ូតែលសង់អំពីឈើប្រក់ស្បូវ ភោជនីដ្ឋានសង់ អំពីរឈើប្រក់ស័ង្កសី ប្រព័ន្ធទឹកស្អាត និង សំណង់រដ្ឋផ្សេងៗទៀត ។ល។
ធម្មជាតិ និង សង្រ្គាមជាង២ទស្សវត្ស កន្លងមកនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័នទាំងនេះស្ទើរតែទាំងអស់។ សព្វថ្ងៃមានប្រជាជនចំនួនប្រហែលជា ៧គ្រួសារ បានបោះទីតាំងរស់នៅ លើកោះនេះ ប្រកបរបររកស៊ីនេសាទសមុទ្រតូចតាច និង ថែរក្សាចំការដូង។សូមបញ្ជាក់ផងដែរថា បើបងប្អូនចង់ទៅដើរលេងកំសាន្ត នៅកោះទន្សាយ មានទូកសម្រាប់ជួល និង ដឹកភ្ញៀវទេសចរណ៍ ដើរលេងជុំវិញកោះ ទូកមួយតំលៃត្រឹមតែ ២០ដុល្លាប៉ណ្ណោះ៕