ខេត្តរតនគិរី៖ នៅក្នុងឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងក្នុងខេត្តរតនគិរី មានចំនួន ១២២ លើក បណ្តាលអោយមនុស្សស្លាប់ ៤៤ នាក់ ស្រី ៨ នាក់ របួសធ្ងន់ ៨៤ នាក់ ស្រី ១៤នាក់ របួសស្រាល ១០១ នាក់ ស្រី ១២ នាក់ ខូចខាតមធ្យោបាយសរុប ២០១ គ្រឿង ក្នុងនោះម៉ូតូ ចំនួន ១២៤ គ្រឿង រថយន្ត ៦០ គ្រឿង គោយន្ត ១១ គ្រឿង កង់ ៦ គ្រឿង ។
នេះគឺជារបាយការណ៍ របស់ អនុគណៈកម្មាធិការ សុវត្ថិភាពចរាចណ៍ផ្លូវគោក ដែល លើកឡើងដោយលោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងនគបាលខេត្ត ក្នុងឳកាស សន្និបាតបូកសរុបលទ្ធផលការងាររបស់ អនុគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្ត រតនគិរីឆ្នាំ ២០១៦ និងលើកទិសដៅឆ្នាំ ២០១៧ ដែលបានប្រារព្វធ្វើឡើង នៅ សាលប្រជុំសាលាខេត្ត ព្រឹក ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៧។
របាយការណ៍បានបន្តថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្តាលមកពីនាក់ បើកបរ ស្រវឹង ១៦% មិនគោរពសិទ្ធិ ២០% ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ១៦% បទឆ្វេង គ្រោះថ្នាក់ ១៤% មិន ប្រកាន់ស្តាំ ៨% បើកបរលើសល្បឿនកំណត់ ១៤% យានយន្តគ្មានលក្ខណៈបច្ចេកទេស គ្រប់គ្រាន់ ១០% ផ្លូវហ៊ុយ ផ្លូវគ្រោះ ផ្លូវ រអិល ២% បើប្រៀបធៀបទៅឆ្នាំ ២០១៥ គ្រោះថ្នាក់ ចរាចរណ៍ មានការថយចុះ ៦ លើក មនុស្សស្លាប់ថយចុះ ១៨ នាក់ មនុស្សរបួសធ្ងន់ ថយចុះ ៨៥ នាក់ មនុស្សរបួសស្រាលថយចុះ ២៩ នាក់ ។
ថ្លែងបើកសន្និបាត សន្និបាតបូកសរុបលទ្ធផលការងារ របស់អនុគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្ត រតនគិរី ឆ្នាំ ២០១៦ និងលើកទិសដៅឆ្នាំ ២០១៧ លោក ជុំទាវ កែវ សាវឿន អភិបាលខេត្តស្តីទី បានលើកឡើងថា ដើម្បីអនុវត្តអោយបានជោគជ័យ នូវគោលនយោបាយជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមចំណែកក្នុងការអនុវត្ត កម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល កម្ពុជា អោយទទួលបានលទ្ធផល កាន់តែត្រចះត្រចង់ថែមទៀត អនុគណៈកម្មាធិការ ជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ខេត្តរតនគិរី បានប្រមូលផ្តុំ ដឹកនាំ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការចាត់ចែងអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយ ចំនួនគ្រោះថ្នាក់ដល់ អាយុជីវិត និងការរបួសស្នាម របស់ ប្រជាពលរដ្ឋ ក៍ដូចជា មហន្តរាយ នានាដែលបង្ករ ឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះអនុគណៈកម្មាធិការ ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានយកចិត្តទុកដាក់ ដឹកនាំកិច្ចការជាច្រើន រួមមាន ការរៀបចំបទដ្ឋាន កតិយុទ្ធ ការរៀបចំយន្តការ ការផ្សព្វផ្សាយ ច្បាប់ ការត្រួតពិនិត្យ រឹតបន្តឹងអនុវត្តច្បាប់ជាដើម ។
លោកជុំទាវ អភិបាលខេត្តស្តីទី បានជម្រុញឲ្យ អនុគណៈកម្មាធិការ ជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ខេត្តរតនគិរី ខិតខំបន្ថែមទៀត ក្នុងការកាត់បន្ថយបទល្មើស និងគ្រោះថ្នាក់ចរាចរណ៍ អោយមានការថយចុះ ដោយត្រូវ តស៊ូទប់ស្កាត់ ការបើកបរធ្វេសប្រហែស ខ្ជីខ្ជារ និងមិនត្រូវរើសអើង ចំពោះការអនុវត្តន៍ ច្បាប់ ដែលនៅតែកើតមានឡើង គួរឲ្យកត់សម្គាល់នៅឡើយ ដូចជា៖ នៅតែមានអ្នក ជិះ ម៉ូតូមិនពាក់មួកសុវត្ថិភាព ការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពល ជាតិ ស្រវឹង ការមិនគោរពសិទ្ធិ អាទ្ធិភាព ការដឹកលើសចំណុះ ការបត់ ឬ ការជែង ដែលបង្ក អោយមាន ហាន្និភ័យ និងមហន្តរាយ ដល់អាយុជីវិត ទោះបីមានការថយចុះ ប៉ុន្តែ ស្ថិតក្នុង កំរិតខ្ពស់នៅឡើយ ៕ដោយ: យក្ខឡោម