កំពង់ចាមៈ ក្មេងប្រុសម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងក្មេងប្រុសម្នាក់ទៀតត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលក្មេងប្រុសទាំង២នាក់ដើរដាក់អន្ទាក់សត្វ
ព្រៃ ហើយរើសបានគ្រាប់មិនទាន់ផ្ទុះយកទៅផ្ទះដំលេង បណ្ដាលឲ្យផ្ទុះលាន់ឮឡើងកក្រើកធរណី ដែលហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី៣ មេសា ២០១៧ ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះក្នុងករណីផ្ទុះគ្រាប់នេះ ទី១-ឈ្មោះ យ៉ន ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់(ត្រូវស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ)។
ទី២-ឈ្មោះ ឃ្លោក ឆ្វៀត ភេទប្រុស អាយុ១១ឆ្នាំ មានទីលំនៅភូមិបឹងការចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់(របួសធ្ងន់)។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ គឺអ្នកទាំង២ដើរដាក់អន្ទាក់សត្វ ហើយឃើញគ្រាប់នៅក្នុងចំការ ក៏បានរើសយកមកដល់ផ្ទះ ហើយបាននាំគ្នាដំលេង បណ្តាលឲ្យផ្ទុះកក្រើកលាន់ឮឡើងតែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចបានសន្និដ្ឋានថា គឺជាប្រភេទគ្រាប់B40 ដែលនៅសេសសល់ពីសម័យសង្គ្រាម ដែលអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសាកសពត្រូវបានសាច់ញាតិយកទៅធ្វើរបុណ្បតាមប្រពៃណី ៕