ម៉ូតូ​ឃ្លី​ក​បុក​ម៉ូតូ​ឆាលី​ម្ចាស់​រងរបួស​ទៅ​មន្ទីរពេទ្យ​អស់​គ្មាន​អ្នក​នៅ​មើល​ម៉ូតូ​

​ភ្នំពេញ ៖ ម៉ូតូ​២​គ្រឿង​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លិក និង​មួយ​គ្រឿង​ទៀត​ម៉ាក​ឆា​លី បាន​បុក​គ្នា​នៅ កណ្ដាល​ផ្លូវ​ហើយ​ម្ចាស់​រងរបួស​រៀងៗ​ខ្លួន​ហើយ​ក៏​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម គ្មាន​អ្នក​នៅ​មើល​ម៉ូតូ​ឡើយ ដោយ​ព្រោះតែ​សមត្ថកិច្ច​យឺតយ៉ាវ​ចុះ​អន្តរាគមន៍​។ 

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​៨​ខែ​មិថុនា​ឆ្នាំ​២០១៤ នៅត្រង់​ចំណុច​ក្បែរ​ក្រុមហ៊ុន​អែ​ត​វ៉ូត តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លិក មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1S-1606 ជិះ​គ្នា​២​នាក់​បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ សហព័ន្ធរុស្ស៊ី​ក្នុង​ទិសដៅ​បញ្ច្រាស់​ផ្លូវ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បាន​វ៉ាក់​អើ​ជាមួយ​ម៉ូតូ​ម៉ាក​ឆា​លី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1N-9306 ជិះ​ដោយ​យុវជន​ម្នាក់ ក្នុង​ទិសដៅ​ពី​លិច​មក​កើត​ក៏​ធ្វើអោយ​ម៉ូតូ​ទាំង​២​គ្រឿង​បុក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​ម្ចាស់​ម៉ូតូ​ទាំងសងខាង​របួស​ធ្ងន់ធ្ងរ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទី​រ​ភ្លាមៗ​។ 

​បន្ទាប់ពី​ម្ចាស់​ម៉ូតូ​ទាំង​សងខាង​ទៅ​មន្ទីរពេទ្យ​អស់​ហើយ​គ្មាន​អ្នក​នៅ​មើល​ម៉ូតូ​ឡើយ​គឺ​នៅ​ដួល​ច្រងាង​នៅ​កណ្ដាល​ថ្នល់​មិនឃើញ​មាន​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ឡើយ​។​ប្រហែល​ជា​កន្លះ​ម៉ោង​ក្រោយ មក​ទើប​បាន​សមត្ថកិច្ច​ចុះ​មក​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​នេះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕​

1