ភ្នំពេញ ៖ រថយន្តកាមរីមួយគ្រឿងបើកចុះពីលើស្ពានព្រះមុនីវង្សថ្មីក្នុងល្បឿនលឿនបំរុងបត់ឆ្វេងទៅ ស្ពានព្រះមុនីវង្សចាស់ក៏ជ្រុលបុកម៉ូតូមួយគ្រឿងនៅពីមុខចំពេញទំហឹងបណ្ដាលអោយរថយន្តនិងម៉ូតូហោះផ្លោងក្រឡាប់នៅក្បែរគល់ស្ពានព្រះមុនីវង្សចាស់ បណ្ដាលអោយបុរសម្នាក់
ស្លាប់នៅនិងកន្លែង និងរបួសធ្ងន់ចំនួន៣នាក់ ។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១១និង១០នាទីយប់ ថ្ងៃទី៨ ខែមិថុនាឆ្នាំ២០១៤ នៅចំណុចគល់ស្ពានព្រះមុនីវង្សថ្មីត្រើយខាងកើត ស្ថិតក្នុងសង្កាត់ ច្បារអំពៅទី១ ខណ្ឌមានជ័យ។
បើតាមសម្តីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះតាម អត្តសញ្ញាណប័ណ្ណមានឈ្មោះឈុន សាវឿន អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិវត្តបូរ ឃុំវត្តបូរ ខេត្តសៀមរាប បើករថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2O-2719 រួមដំណើរ ជាមួយបុរម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់។ ចំណែកម៉ូតូដែលត្រូវរថយន្តបុក ម៉ាកយ៉ាម៉ាហា FINO ពណ៌ទឹកក្រូចលាយស មិនមានស្លាកលេខ ជិះធ្វើដំណើរដោយបុរស២នាក់ រងរបួសធ្ងន់។
ប្រពភពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាកាមរីបើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបានបើកឡើងលើស្ពានព្រះមុនីវង្សថ្មីក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបត់ឆ្លងផ្លូវចូល ស្ពានព្រះមុនីវង្សចាស់ ដោយសាររថយន្តបើកក្នុងល្បឿនលឿនក៏បួងចង្កូតប៉ះជាមួយម៉ូតូយ៉ាម៉ាហា FINO ដែលជិះដោយបុរស២នាក់នៅពីមុខចំពេញទំហឹង បណ្តាលឲ្យរថយន្តនិងម៉ូតូផ្លោងទៅ គល់ស្ពានព្រះមុនីវង្សចាស់ហើយរថយន្តក្រឡាប់ផ្ងារជើង និងម៉ូតូខ្ទេចទាំងស្រុង ធ្វើអោយអ្នកបើកបរ រថយន្តរងរបួសធ្ងន់ហើយដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស៣នាក់ទៀត រងរបួសធ្ងន់ទាំងអស់គ្នា ។
បន្ទាប់ពីកើតហេតុជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗឯរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរធ្វើការវាស់វែងយកទៅរក្សាទុកនៅ ការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាជាក្រោយ។ ចំណែកសពជនររងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារអោយមកទទួលយកដើម្បី រៀបចំធ្វើបុណ្យតាមប្រពៃណី៕