អភិបាលខេត្តព្រះវិហារអំពាវនាវទៅដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទត្រូវចូលរួមទប់ស្កាត់និងបង្កាបឲ្យខានតែបាននូវការចែកចាយប្រើប្រាស់គ្រឿងញៀនរួមទាំងល្បែងស៊ីសាងគ្រប់ប្រភេទ !

0

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវទៅដល់កង កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវបន្តចូលរួមទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាន នូវការចែកចាយប្រើប្រាស់គ្រឿងញៀន រួមទាំងល្បែងស៊ីសាងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រទទួលខុស

ត្រូវ ប្រសាសន៍អំពាវនាវនេះ នៅក្នុងដំណើរអញ្ជើញចុះសាក សួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលកំពុងឈរជើងការពារទឹកនៅសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីនេះបានប្រារពធ្វើឡើង នៅទីបញ្ជាការដ្ឋានកងអង្គរក្សសម្តេច តេជោ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១៧ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ទៀតថា ក្រោយពីយុទ្ធនាការណ៍ចុះបង្ក្រាប ករណីរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់រយះពេល៦ខែ ដើមឆ្នាំ២០១៦ កន្លងមកយើងសង្កេតឃើញថាករណី ចោរលួច ចោរឆក ចោរប្លន់រួមទាំងបទល្មើសនានា គឺមានការថយចុះគួរឲ្យកត់សម្គាល់ ។ ដូច្នេះហើយក្នុងនាម រដ្ឋបាលខេត្ត ក៍ដូចជាកងកម្លាំងទាំងបី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមសហការណ៍ ក្នុងការបង្ក្រាប និងទប់ស្កាត់ឲ្យបានជាដាច់ខាត រាល់ករណីចែកចាយប្រើប្រាស់គ្រឿងញៀន រួមទាំងការលួចឆ្លងដែន ដោយខុសច្បាប់ របស់ប្រជាពលរដ្ឋខ្មែរ ចូលទៅរកកាប់ឈើក្រញូងក្នុងទឹកដីថៃ ឲ្យបាន១០០% ក្នុងភូមិ សាស្រ្តទទួលខុសត្រូវរបស់ខ្លួន ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មានប្រសាសន៍ថា ក្នុងនាមឯកឧត្តមក៍ជានាយ និងពលទាហាន សូមប្តេជ្ញាការពារឲ្យបានដាច់ខាតរាល់ សកម្មភាពដែលកើតមានក្នុងភូមិសាស្ត្រ និងចំណុចដែលកំពុងឈរជើង រក្សាទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ ព័ន្ធចូលរួមការពារទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបានរាល់បទល្មើស ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ សង្គមជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តខេត្ត ទៅតាមភារកិច្ច និងសំណូមពរជាក់ស្តែង ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត រួមទាំងប្រតិភូអមដំណើរ បានចែកអំណោយជូនដល់អង្គភាពចំនួន១០អង្គភាព ក្នុងនោះ ១អង្គភាពទទួលបានថវិកាចំនួន១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន រួមទាំងនាយ និង ពលទាហាន ៥០០នាក់ ក្នុងម្នាក់ថវិកា២ម៉ឺនរៀល ៕សួនលីណា