កាំកុងត្រូលបន្ទាយមានជ័យចុះពិនិត្យគុណភាពទំនិញនៅផ្សារមង្គលបូរី

0

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នេះ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានដឹកនាំសមត្ថកិច្ចចម្រុះ ចុះពិនិត្យគុណភាពទំនិញ និងម្ហូបអាហារ នៅផ្សារមង្គលបូរី ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

 

លោក ហុង លៀង អនុប្រធានទី១ទទួលបន្ទុកស្ថិតិទីផ្សារសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អនុវត្តន៍តាមការចង្អុលបង្ហាញរបស់លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លើកិច្ចការងារ ពិនិត្យតាមដានការដាក់តាំងលក់ទំនិញតាមបណ្តាទីផ្សារ ទូទាំងខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំមន្ត្រីរបស់លោក សហការជាមួយ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត-ក្រសួង ចុះធ្វើការត្រួតពិនិត្យ ការដាក់តាំងលក់ទំនិញ ម្ហូបអាហា របស់បងប្អូនអាជីវករលក់ដូរក្នុងផ្សារមង្គលបូរី រកទំនិញហួសកាលបរិច្ឆេទ ឬខូចគុណភាព ជាពិសេសប្រភេទទំនិញដែលត្រូវបានច្បាប់នៃព្រះរាជាណាចក្រកម្ពុជាហាមឃាត់មិនឲ្យដាក់តាំងលក់លើទីផ្សារ និងបានធ្វើតេសរកសារធាតុគីមីដែលដាក់ក្នុងគ្រឿងសមុទ្រ ប្រហុក ផ្អក និងសាច់ក្រក ។

លោកបន្តថា ជាលទ្ធផល មន្ត្រីរបស់លោក បានរកឃើញមាន មានវត្តមានសារធាតុហ្វម៉ូលីន ដែលអាជីវករដាក់ក្នុងមឹក ក្រោយរកឃើញ មន្ត្រីរបស់លោក បានធ្វើការអប់រំណែនាំ ចុះកិច្ចសន្យា បញ្ឈប់ការដាក់លក់ និងបានធ្វើការដកហូតមឹកនោះ ជៀសវាងពលរដ្ឋទិញទៅបរិភោគធ្វើឲ្យប៉ះពាល់សុខភាព ៕