កំពង់ចាម៖ គម្រោងដាក់ឲ្យដេញថ្លៃសាងសង់ ជួសជុលផ្លូវលំចំនួន២ខ្សែ នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃ៧ ខែមេសា ឆ្នាំ២០១៧នេះ ត្រូវបានគេមើលឃើញថា មានការចរចាត្រូវរ៉ូវគ្នាយ៉ាងពិតប្រាកដ តែអ្វីដែលនឹកស្មានមិនដល់នោះ គឺអ្នករ៉ាប់រង
ដែលទទួលលុយពីម្ចាស់គម្រោង សម្រាប់ចែកទៅឲ្យក្រុមអ្នកចាំយកលុយទឹកតែ បែរជាវេចលុយរាប់លានរៀលរត់បាត់។
ប្រភពបានឲ្យដឹងថា ការដេញថ្លៃផ្លូវទាំង២ខ្សែនេះ គឺសរុបជាទឹកប្រាក់ប្រមាណជា១២៥លានរៀល ត្រូវបានម្ចាស់គម្រោង ឬអ្នកទទួលការសាងសង់ បានបោះលុយទឹកតែ១០% សម្រាប់ធ្វើការបែងចែកឲ្យអ្នកដែលមានវត្តមាននៅកន្លែងដេញផ្លៃ បែរជាត្រូវលោកលន់ រិទ្ធី វេចឡើងឡានរត់ទៅបាត់ បណ្តាលឲ្យក្រុមអ្នកចាំយកលុយទឹកតែនៅវត្តអំពិល មានការក្តៅក្រហាយជាខ្លាំង ដែលកំហឹងមួយនេះអាចជះឥទ្ធិពលអាក្រក់ដល់ ម្ចាស់លទ្ធកម្មនានាផងដែរ ព្រោះវាមានការពាក់ព័ន្ធដូចសម្លរកំពឹស។
បច្ចុប្បន្ន គេនៅរង់ចាំមើលថា តើលោកលន់ រិទ្ធី ដែលក្លាយទៅជាអ្នកមានបាន ក្នុងការដេញថ្លៃផ្លូវគ្រប់គម្រោង និងពូកែខាងឈ្លោះទាស់ទែងពេលដេញថ្លៃ មានមុខមាត់ទទួលលុយបោះមេនៅពេលក្រោយទៀតឬយ៉ាងណា?។
សូមបញ្ជាក់ថា បើសិនជាការដេញថ្លៃគម្រោងសាងសង់ផ្លូវនេះ មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយឃុបឃិតគ្នាទេ ក៏វាគ្មានលុយឲ្យលោកលន់ រិទ្ធី លេបត្របាក់ស្រស់ៗដូច្នេះដែរ ៕