រថយន្ត​លុច​ស៊ី​ស​៤៧០​ដឹកឈើ​គ្រញូង ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប និង​ឃាត់ខ្លួន​មនុស្ស​២​នាក់

0

​កំពង់ធំៈ រថយន្ត​សេរី​ទំនើប លុច​ស៊ី​ស ដឹកឈើ​គ្រញូង​បំ​រ៉ុង​លោត​ឆត្រ ត្រូវបាន​លោក សាយ ណូ​រ៉ា ព្រះរាជ អាជ្ញា​រង អម​សាលាដំបូង​ខេត្តកំពង់ធំ ដឹកនាំ​កំលាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង សង្កាត់​កំពង់ស្វាយ ព្រមទាំង កំលាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ប៉ូលិស ប៉េ​អ៊ឹម ចុះបង្ក្រាប​បាន នៅ​ចំនុច ភូមិ ត្រពាំង​ចម្បក់ ឃុំ ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​នេះ ត្រូវបាន​ធ្វើឡើង នៅវេលា​ម៉ោង ១.៤៧​នាទី​រសៀល ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៤ ស្ទាក់​ចាប់បាន​រថយន្ត ម៉ាក​លុច​ស៊ី​ស ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 2A-1881 ព្រមទាំង​វត្ថុតាង​មាន​ឈើ​គ្រញូង នៅក្នុង​ឡាន​មាន​ចំនួន ១៥៥​ដុំ មាន​ប្រវែង ១​ម៉ែត្រ រថយន្ត នឹង​មនុស្ស​២​នាក់ ត្រូវបាន​គេ​ស្គាល់ឈ្មោះ អ៊ឹម ធី ភេទ ប្រុស អាយុ ៤៤​

ឆ្នាំ ជា​មន្ត្រី​ទាហាន​នៅ​កងពល​លេខ ៧០ រស់នៅ​ភូមិ ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ ទី ២​ជា​ជនជាតិ​វៀតណាម បាន​ទើបតែ ចូល​សញ្ញា​តិ​ខ្មែរ ដែលមាន​ទាំង អត្តសញ្ញាណប័ណ្ណ វៀតណាម និង​អត្តសញ្ញាណ​ខ្មែរ ឈ្មោះ សុខ សុធី ភេទ ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែកជីក សង្កាត់​សំបូរ​មាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ត្រូវបាន​នាំយកមក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ។​ ​

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​បង្ក្រាប​រថយន្ត​លុច​ស៊ី​ស​មួយគ្រឿង​នេះ ត្រូវបាន​បណ្តាញ សម្ងាត់​រាយការណ៍ មក​ថា​មាន​រថយន្ត​មួយគ្រឿង បានធ្វើ​ដំណើរ​នៅលើ​កំណាត់ ផ្លូវជាតិ​៦២ ដែល​លាត សន្ធឹង​ពី​ខេត្តព្រះវិហារ សំដៅទៅ​ខេត្តកំពង់ចាម ដោយ​ឆ្លងកាត់​ខេត្តកំពង់ធំ ទើបបាន​រាយការណ៍​ជូន លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ទើបបាន​ចាត់​ឲ្យ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ដឹកនាំ ចុះបង្ក្រាប​។​ ​Image12 Image11 Image10 Image9 Image8