ចោរ​​កាំភ្លើង​ខ្លី​ប្លន់​អ្នក​លក់​មាស​នៅ​​ក្រុង​កំពង់ចាម​ និង​ប្លន់​តាម​បណ្ដា​ខេត្ត​ ត្រូវ​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់​ខ្លួន​ជាបន្តបន្ទាប់​បាន៦នាក់​

0

កំពង់ចាម​៖​ បន្ទាប់​ពី​មាន​ករណី​ប្លន់​អ្នក​លក់​មាស​អស់​ជិត​២ម៉ឺន​ដុល្លារ​ នៅ​ផ្សារ​ធំ​ថ្មី​ ក្រុង​កំពង់ចាម​ និង​ប្លន់​នៅតាម​បណ្ដា​ខេត្ត​ជា​ច្រើន​ទៀត​ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ នៃ​ក្រសួង​មហាផ្ទៃ​ សហការណ៍​ជាមួយ​ ​កម្លាំង​នគរបាល​​ព្រហ្មទណ្ឌ​ខេត្ត​កំពង់ចាម​

តាម​ប្រមាញ់​ចាប់​ខ្លួន​ជនសង្ស័យ​ ​ជាបន្តបន្ទាប់​បាន​ចំនួន​៦នាក់​ ក្នុង​នោះ​ជនសង្ស័យ​ចំនួន​៣នាក់​ ១-ឈ្មោះ​ពៅ​ សំអឿន​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ​ នៅ​ភូមិ​វែង​ សង្កាត់​ពន់សាំង​ ខ័ណ្ឌ​ព្រែក​ប្រា​ រាជធានី​ភ្នំពេញ​ ២-ឈ្មោះ​សុខ​ ស៊ីនួន​ ភេទប្រុស​ អាយុ​៥៧ឆ្នាំ​ នៅ​ភូមិ​នាង​គង្ហីង​ សង្កាត់​សំបូរ​មាស​ ក្រុង​កំពង់ចាម​ ៣-ឈ្មោះ​ស្រី​ សំអឿន​ ភេទប្រុស​ អាយុ​៤៧ឆ្នាំ​ នៅ​ភូមិ​២៣​ សង្កាត់​បឹង​កក់​២​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​នៅ​ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ចំណែក​ស្ត្រី​ម្នាក់​​ឈ្មោះ​សុខ​ វណ្ណី​ ហៅភិន​ អាយុ​៤៧ឆ្នាំ​ ស្នាក់នៅ​ផ្ទះ​ជួល​មុខ​វត្ត​ឈូក​វ៉ា​ សង្កាត់​គោករការ​ ខ័ណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ ត្រូវ​ចាប់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ និង​បក្សពួក​២នាក់​ទៀត​ ១ឈ្មោះ​សួង​ អេង​ ហៅញ​ ភេទប្រុស​ អាយុ​៤៤ឆ្នាំ​ នៅ​ឃុំ​លើក​ដែក​ ស្រុក​កោះធំ​ ខេត្ត​កណ្ដាល​ ២-ឈ្មោះ​ញែម​ យី​ ភេទប្រុស​ អាយុ​៤៧ឆ្នាំ​ នៅ​ឃុំ​មហា​ខ្ញូង​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​ (ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ កាលពី​ថ្ងៃទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ នៅ​ភូមិ​ទី​៥​ ឃុំ​ព្រែក​តានង់​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​)​ ត្រូវ​​សមត្ថកិច្ច​ចាប់​ខ្លួននៅ​ថ្ងៃ​ទី​៨​ ខែ​មេសា​ ឆ្នាំ​២០១៧​ ហើយ​បញ្ជូន​មក​កាន់​​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​​។
ដែល​ក្រុម​ចោរ​ប្រដាប់​ទាំង​នេះ​មាន​បក្ខពួក​ចំនួន​៨នាក់​ តែងតែ​ធ្វើ​សកម្មភាព​ប្លន់​នៅ​តាម​បណ្ដា​ខេត្ត​នានា​ មាន​ដូចជា​នៅ​ខេត្ត​កំពង់ចាម​១លើក​ ខេត្ត​កំពត​១លើក​ ខេត្ត​ពោធិ៍សាត់​១លើក​ ខេត្ត​ព្រះសីហនុ​២លើក​ ខេត្ត​កំពង់ធំ​២លើក​ ខេត្ត​សៀមរាប​២លើក​ និង​ខេត្ត​ព្រះ​វិហារ​២លើក​ផង​ដែរ​។
គួររំលឹក​ផង​ដែរ​ថា​ ក្រុម​​ចោរ​ប្រដាប់​អាវុធ​ចំនួន​​៣​នាក់​ ស្លៀកពាក់​ស៊ីវិល​ និង​ពាក់មួក​សុវត្ថិភាព បាន​ធ្វើ​សកម្មភាព​ឆក់ប្លន់​អាជីវករ​លក់​មាស​អស់​ជិត​២ម៉ឺន​ដុល្លារ​ទាំងព្រឹក​ ខណៈ​ដែល​ជនរងគ្រោះ​បាន​យក​គ្រឿង​មាស​ប្រាក់​ចុះ​ពី​លើរថយន្ត​ដើម្បី​ដាក់​តាំង​លក់​ ដោយ​ក្រុម​ចោរ​បាន​យក​កាំភ្លើង​ខ្លី​ភ្ជង់​គម្រាម​បាញ់​សម្លាប់អ្នក​ដែល​ចង់​ចូល​ទៅ​ជួយ​ផង​ដែរ​។
ហេតុការណ៍​នេះ​បាន​កើតមាន​ឡើង​កាល​ពី​វេលាម៉ោង​៧និង​២០នាទី​ព្រឹក​ ថ្ងៃ​ទី​៥​ កុម្ភៈ​ ២០១៧​ នៅ​ចំណុចមុខ​ផ្ទះ​លក់​មាស​យីហោ «​សុខ ល​ក្ខិ​ណា​» ដែល​មាន​ទីតាំង​ខាងលិចផ្សារ​ធំ​ថ្មី ស្ថិត​ក្នុងភូមិ​ទី​១២ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ពេលកើតហេតុគឺ​ជនរងគ្រោះ​ដែលជា​​អាជីវករ​លក់​មាស​ឈ្មោះ សេង ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ បានយក​គ្រឿង​អលង្ការ​របស់​ខ្លួន​ទៅ​ដាក់​តាំង​លក់​ដូច​សព្វ​មួយ​ដង​ ដោយ​​ជិះ​រថយន្តម៉ាក​ឡិច​ស៊ី​ស​១គ្រឿង​​ ខណៈ​ដែល​មក​ដល់​មុខ​ហាង​ ​ជនរងគ្រោះ​កាន់​កាបូប​ដាក់​គ្រឿងអលង្ការ​ ចុះ​ពី​លើ​រថយន្ត​ភ្លាម​ ស្រាប់តែ​មាន​ចោរ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ ​ប្រដាប់​ដោយ​អាវុធ​ខ្លី​២​ដើម​បាន​មក​ដល់ ក៏​ឆក់​យកកាបូប​ដាក់​គ្រឿង​អលង្ការ​នោះ​ ព្រមទាំង​គម្រាម​បាញ់​សម្លាប់​អ្នក​ដែលបាន​ឃើញ​ហេតុការណ៍​ ហើយ​ក្រុម​ចោរ​បាន​​ឡើង​ជិះ​​ម៉ូតូ​រត់ទៅ​ខាងលិច​ផ្សារ រួច​បត់​ឡើង​ទៅ​ផ្លូវជាតិ​លេខ​៧​ថ្មី​បាត់​ស្រោ​ល​តែ​ម្តង ដោយ​មាន​រថយន្ត​១គ្រឿង​ជិះ​បិទ​គូទ​ផង​ដែរ​។
ក្រោយ​ពី​មាន​ករណី​ប្លន់​កើតឡើង​ភ្លាម​កម្លាំង​សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ផងដែរ​។
ចំពោះ​ទ្រព្យសម្បតិ្ត​ដែល​ត្រូវ​បាត់​បង់​ ប្រមាណ​ជា​២ម៉ឺន​ដុល្លារ​ ក្នុង​នោះ​មាន​ប្រាក់​ចំនួន​៣០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​​ ប្រាក់​ខ្មែរ​៤​លាន​រៀល គ្រឿងអលង្ការ​សរុប​ជិត១ម៉ឺន​​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​ថៃ​១០ម៉ឺន​បាត​ ព្រមទាំង​ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​ផង​ដែរ។
តាម​កាមេរ៉ា​សុវត្ថិភាព​ដែល​ចាប់​បាន​សកម្មភាព​របស់​ក្រុម​ចោរ​ទាំងនោះ អាច​សន្និដ្ឋាន​បាន​ថា ជា​មុខសញ្ញា​ចាស់​ ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ប្លន់​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ផ្សេង​ៗ​​នាពេល​កន្លង​មក​ ៕