ខេត្តរតនគិរី៖ ស្នូរសម្លេងកងរំពងចេញពីក្នុងព្រៃដែនជំម្រសត្វលំផាត់ ស្ថិតក្នុង ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានឲ្យដឹងថា មានក្រុមហ៊ុនឧកញ៉ា រ័ត្ន សាខន កំពុងតែកាប់ឈើ អារជ្រៀកឈើ និងដឹកជញ្ជូនឈើធ្វើអាជីវ
កម្មខុសច្បាប់យ៉ាងអនាធិបតេយ្យ ។ប្រជាសហគមន៍បានរាយការណ៍ ឲ្យដឹងថា ក្រុមហ៊ុនឧកញ៉ា រ័ត្ន សាខន បានប្រមូលទិញឈើ និងដឹកជញ្ជូនឈើហ៊ុបពីតំបន់ផ្សេងៗមកស្តុកទុកក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួនដើម្បីឲ្យក្លាយជាឈើស្របច្បាប់ ហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ បានត្រឹមតែមកយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ជាងនេះទៅទៀតនោះក្រុមហ៊ុនឧកញ៉ា រ័ត្ន សាខន បានបំផុសឲ្យប្រជាពលរដ្ឋកាប់ឈើក្នុងព្រៃសហគមន៍ ព្រៃការពារ ព្រៃអភិរក្ស នឹងតំបន់ដែនជំម្រកសត្វព្រៃលំផាត់ នៅជាប់ដី សម្បទានសេដ្ឋកិច្ចរបស់ខ្លួន ហើយខាងក្រុមហ៊ុនជាអ្នកប្រមូលទិញយកទាំងអស់ ។ប្រជាសហគមន៍ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី បានឲ្យដឹងថា ក្រុមហ៊ុនឧកញ៉ាមិន មែនជនជាតិខ្មែរទេ ឈ្មោះ រ័ត្ន សាខន ធ្វើសកម្មភាពដូចខាងលើនេះច្រើនឆ្នាំមកហើយដោយសារ តែមានការឃុបឃិតពីសមត្ថកិច្ចជំនាញពាក់ព័ន្ធមានការពុករលួយជាប្រព័ន្ធតែម្តង ជាពិសេសគឺមាន ការបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានដែលពួកគេគិតគូរតែពីរឿងប្រមូលលុយ ដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបាន រហូតមកដល់ពេលនេះ ។ចំណែក លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី៩ ខែមេសានេះទូរស័ព្ទចុចមិនអាចទំនាក់ទំនងបាន ។ដោយឡែកលោក ផុន ខេមរិន្ទ ប្រធានមន្ទីបរិស្ថានខេត្ត អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺបានដែរជុំវិញបញ្ហាខាងលើនេះ ។មជ្ឍដ្ឋានទូទៅបានរិះគន់ថា មន្ត្រីក្រោមឱវាទនៅតែបណ្តោយឲ្យក្រុមហ៊ុន រ័ត្ន សាខន កាប់បំផ្លាញព្រៃឈើខាងក្រៅបរិវេណដីសម្បទានសេដ្ឋកិច្ច ហើយដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងពេញបន្ទុកផងដែរ ។ជុំវិញបញ្ហាចោទប្រកាន់ក្រុមហ៊ុន រត្ន័ សាខន ខាងលើនេះ អ្នកសារព័ត៌មានមិនអាចសុំការពន្យល់ពីដំណាងក្រុមហ៊ុនបានទេ នៅរសៀលថ្ងៃទី៩ ខែមេសានេះ ពុំមានលេខទូរស័ព្ទទំនាក់ទំនងបាន ៕ដោយ: យក្ខឡោម