សៀមរាប៖ រសៀលថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី
ជាតិខ្មែរនៅលើទឹកដីអង្គរដ៏ល្បាញល្បី ក្នុងខេត្តសៀមរាប ។
ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួម ក្នុងពិធីល្បែងទាញព្រ័ត្រដែលវែងបំផុតដល់ទៅ( ២៥០ម៉ែត្រ) នៅមុខប្រសាទអង្គរវត្តជាមួយយុវជននិងប្រជាពលរដ្ឋរាប់ម៉ឺននាក់ក្នុងបរិយាកាសរីករាយក្រៃលែង។
ឯ,ឧ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា អង្គរសង្រ្កាន្តឆ្នាំ២០១៧នេះ គឺជាឆ្នាំទី៥ ហើយ ហើយព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ មិនត្រឹមតែជាឱកាសនៃការជួបជុំប្រជាពលរដ្ឋខ្មែរ និងនាំភាពសប្បាយ រីករាយជូនប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនោះទេ ។ ប៉ុន្តែព្រឹត្តិការណ៍នេះ ក៏ក្លាយទៅជាជំរុំបង្ហាញនូវវប្បធម៌សិល្បៈរបស់ និងល្បែងប្រជាប្រិយរបស់ខ្មែរផងដែរ។ ជាពិសេសនោះ គឺបានបំផុសយុវវ័យខ្មែរសម័យថ្មី ឲ្យពួកគេបានស្គាល់នូវអ្វីដែលវប្បធម៌ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ ព្រោះក្នុងព្រឹត្តិ ការណ៍អង្គរសង្រ្កាន្តនេះ ក៏នឹងបង្ហាញនូវសម្បត្តិវប្បធម៌ទាំងរូបបិយ និងអរូបិយរបស់ខ្មែរ ឲ្យយុវវ័យខ្មែរបានស្គាល់។
លោកអ៊ុំម្នាក់ដែលមានវ័យជាង៧០ឆ្នាំមកពីស្រុកអង្គរជុំនៃខេត្តសៀមរាប បានមានប្រសាសន៍ថា គាត់ចង់ឲ្យមានកម្មវិធីអង្គរសង្ក្រាន្តដូចនេះជារាងរាល់ឆ្នាំមានតែកម្មវិធីអង្គរសង្ក្រាន្តនេះហើយដែលអាចឲ្យកូនខ្មែរជំនាញ់ក្រោយបានស្គាល់ពីសិល្បៈ វប្បធម៌ បុរាណ ប្រពៃណីខ្មែរយើង។លោកអ៊ុំបន្តថាពីមុនមកគឺមិនដែលមានដូចបែបនេះទេ មានតែអង្គរសង្ក្រាន្តដែលជីកកាយវប្បធម៌ជាតិ បងង្ហាញជូនភ្ញៀវជាតិ និង អន្តរជាតិ ជាពិសេសក្មេងៗជំនាន់ក្រោយ បានស្គាល់ពីអត្តសញ្ញាណជាតិ ។
សម្តេចក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះគ្រប់ៗគ្នា៕