ខេត្តរតនគិរី៖ គោយន្តកែច្នៃមួយគ្រឿងដឹកឈើសុក្រំចំនួន១៧ដុំ ស្មើនឹង៣,៩៥១ម៉ែត្រគូប ត្រូវនគបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនៃស្នងការរដ្ឋាននគរបាលខេត្ត ចាប់បង្ក្រាប ។
សកម្មភាពចាប់គោយន្តដឹកឈើខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៩នឹង៣០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ នៅ តាមបណ្ដោយផ្លូវលំមួយខ្សែ ស្ថិតនៅភូមិ តាអង២ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។ ខណៈពេលដែលគោយន្តដឹកបទល្មើសនេះ កំពុងធ្វើដំណើរ មកចូលភូមិ ។
តាមការឲ្យដឹង ពីនគរបាលករិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីកម្លាំងសម្ងាត់ថា មានគោយន្តកែច្នៃមួយគ្រឿងលួចដឹកឈើសុក្រំ ទើបលោក វីរសេនីយ៍ឯក នូវ ដារ៉ា នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការរដ្ឋាននគបាលខេត្ត ចេញបញ្ជាឲ្យកូនចៅក្រោមឳវាទ ទៅចំណុចទីតាំងខាងលើនេះ ទើបប្រទះឃើញគោយន្តដឹកឈើពិតប្រាកដមែន ។
ចំណែកអ្នកបើកគោយន្តកែច្នៃបានរត់គេចខ្លួនបាត់ បន្យល់ទុកគោយន្តដឹកឈើពេញ ហើយកម្លាំងសមត្ថកិច្ចក៍រឹបអូសយកគោយន្តមកស្នងការនគរបាលខេត្តទាំងយប់ នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ ដើម្បីធ្វើកំណត់ហេតុប្រគល់វត្ថតាងទៅឲ្យជំនាញរដ្ឋបាលព្រៃឈើលំផាត់ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ដោយ: យក្ខឡោម