មន្រ្តីនគរបាលម្នាក់ដេកក្នុងអង្រឹង ត្រូវគេលួចបាញ់​ប្រហាររងរបួសធ្ងន់

0

ខេត្តរតនគិរីៈ មន្រ្តីនគរបាលវរៈការពារព្រំដែនគោកម្នាក់ ខណៈកំពុងដេកក្នុងអង្រឹង ស្រាប់តែមានជនមិនស្គាល់មុខប្រើប្រាស់កាំភ្លើង អាការ បាញ់មួយគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៧និង៣០នាទីយប់​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅស្ថិតភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ

ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រម៉ាស់ ហ្វាង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ច្រាយ មុខរបរ មន្រ្ដីនគរបាលវរៈការពារព្រំដែនគោកលេខ 623 ខណៈជនរងគ្រោះកំពុងដេកលេងក្នុងអង្រឹងនៅមុខផ្ទះ ក៏ត្រូវឃាតករមិនស្គាល់អត្តសញ្ញាណពួនលួចបាញ់ចម្ងាយប្រហែល១៥ម៉ែត្រនឹងអាវុធអាការមួយគ្រាប់ បណ្ដាលឲ្យ​ត្រូវចំកំភួនដៃខាងស្ដាំធ្លាយមកចំពោះ ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់តែម្ដង។ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យស្រុក បរកែវ។

ក្រោយកើតហេតុកម្លាំងជំនាញខេត្ត កម្លាំងអធិការស្រុក កម្លាំងប៉ុស្ដិ៍ និងកម្លាំងវរព្រំដែនចុះពិនិត្យដល់កន្លែងកើតហេតុ ដោយរកឃើញ​សំបកកាទុសប្រភេទកាំភ្លើងអាការ១គ្រាប់ ដោយសង្ស័យករណីនេះ ជារឿងគំនុំ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរកជនដៃដល់យកមកផ្តន្ទាទោសឲ្យខានតែបាន ៕ដោយ: យក្ខឡោម