សៀមរាប៖ មនុស្សមួយក្រុមប្រមាណជាង១០នាក់ បានបាញ់កំាភ្លើង៧គ្រាប់បង្អើលសត្វស្លាប និងបង្កភាពភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ នៅតំបន់អភិរក្សធម្មជាតិបឹងពារាំង នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប បន្ទាប់ពីពួកគេផឹកស្រាស្រវឹង ហើយមានអ្នក ហាមមិនឲ្យបង់ត្រី
កាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០១៧នេះ។សមាជិកសហគមន៍តំបន់ទេសចរណ៍បឹងពារាំង ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៧ខែមេសានេះ មានមនុស្សមួយក្រុមបានបាញ់កាំភ្លើងខ្លី៧គ្រាប់ បន្ទាប់ពីពួកគេផឹកស្រាស្រវឹងពេលទៅកំសាន្ដនៅតំបន់អភិរក្សធម្មជាតិបឹងពារាំង ក្នុងសង្កាត់ជ្រាវក្រុងសៀមរាប បង្កឲ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ និងសត្វស្លាប ដែលសហគមន៍កំពុងអភិរក្សសម្រាប់ភ្ញៀវទេសចរណ៍ទៅទស្សនា។សមាជិកដដែល បានឲ្យដឹងបន្ដថា អ្នកដែលបាញ់បោះសេរីទាំងនោះជាន្ដ្រីមន្ទីរកសិសកម្មផង និងអ្នកមក ទេសចរណ៍ផ្សេងផង ដែលដឹកនាំដោយ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ដសៀមរាប ហើយបាញ់បោះសេរីនោះ ដោយសារស្រវឹងស្រាផង និងខឹងនិងសមាជិកសហគមន៍ហាមមិនឲ្យបង់ត្រីក្នុងតំបន់អភិរក្សទេសចរណ៍សត្វស្លាប ព្រោះខ្លាចភ្ញៀវទេសចរណ៍រិះគន់ ខណៈដែលពួកមន្ដ្រីទាំងនោះ ទៅកំសាន្ដនៅតំបន់ទេសចរណ៍ធម្មជាតិនោះ។ ប្រភពព័ត៌មាន បានដឹងទៀតថា ពួកក្រុមមនុស្សទាំងនោះ បានប្រើពាក្យសំដីអសុរស អំនួតខ្លួនជាអ្នកមានអំណាច និងថាខ្លួនជាឧកញ្ញា ហើយមើលងាយដល់ប្រជាសហគមន៍ការពារ និងអភិរក្សសត្វផងដែរ។
ទាក់ទង ករណីនេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ដសៀមរាប ដែលទើបកាន់តំណែងថ្មី បន្ទាប់ធ្វើជានាយខ័ណ្ឌរដ្ឋបាលព្រៃឈើជាច្រើនឆ្នាំមកនោះ បានឲ្យដឹងថា ការបាញ់បោះសេរីនោះលោកថា មិនមែនជាក្រុមរបស់លោក ហើយលោកក៍មិនបានជាប់ពាក់ព័ន្ធដែរ។ លោកព្រមានប្ដឹងសមាជិកសហគមន៍ដែលចោទប្រកាន់លោកថា ជាអ្នកបាញ់បោះសេរី ព្រោះលោកបានផឹកស៊ីកំសាន្ដនៅកន្លែងផ្សេង ដោយគ្រាន់តែក្នុងតំបន់ទេសចរណ៍ប៉ុណ្ណោះ។លោកបានបន្ដទៀតថា លោកទៅតំបន់នោះទៅធ្វើការងារជាមួយសហគមន៍ និងមានមន្ដ្រីមន្ទីរសុរិយោដីខេត្ដ មន្ដ្រីអាជ្ញាធរជាតិអប្សរា និងសមាជិកសហគមន៍ផ្សេងៗជាច្រើនទៀត ហើយថា ក្រុមពួកលោក គ្មានការប្រើប្រាស់អាវុធនោះឡើយ។
ប៉ុន្ដែយ៉ាងណាក៍ដោយលោក គង់ មង្គល ប្រធានសហគមន៍វប្បធម៌ទេសចរណ៍ធម្មជាតិ បឹងពារាំង បានឲ្យដឹងថា នៅក្នុងក្រុមបាញ់បោះសេរីនោះ ពួកគាត់ទៅកំសាន្ដជាលក្ខណៈអ្នកទេសចរណ៍ ដែលមានលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ដសៀមរាបផងដែរ ។ពួកទាំងនោះមានអាការៈស្រវឹងស្រាផង និងខឹងសមាជិកសគមន៍ហាមឃាត់មិនអោយរកត្រីក្នុងតំបន់ហាមឃាត់ផង។លោកបានបន្ដថា ពួកគេប្រើកាំភ្លើងខ្លី បាញ់៧គ្រាប់ នៅកណ្ដាលបឹងអភិរក្ស ហើយរើសសំបកគ្រាប់បានចំនួន៤សំបក ប៉ុន្ដែមិនស្គាល់ម៉ាក។លោកបានបន្ដថា ការបាញ់បោះសេរីនេះ ជាទង្វើមួយ អមនុស្សធម៌ ព្រោះជាអ្នកអនុវត្ដច្បាប់ បែជាធ្វើគំរូអាក្រក់ដល់សហគមន៍ និងបង្កឲ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ ព្រមទាំងធ្វើឲ្យសត្វស្លាបផ្អើលចេញពីតំបន់កំពុងអភិរក្សផងដែរ៕ ខេង ឧត្តម