ឃាត់ខ្លួន​ជន​ជាតិ​ចិន​និង​ខ្មែរ​៦​នាក់​ពាក់ព័ន្ធ​ជីក​​រ៉ែ​មាស​ខុសច្បាប់​

0

​ខេត្តរតនគិរី ៖ អធិការនគរបាល​ស្រុក​លំផាត់ ឃាត់ខ្លួន​ជនជាតិ​ចិន​៥​នាក់ និង ខ្មែរ​ម្នាក់ កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី ជីក​កកាយ​យក​រ៉ែ​មាស​ខុសច្បាប់ នៅ​ស្រុក​លំផាត់​។​

​កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ កម្លាំង​បរិស្ថាន​ដែនជម្រកសត្វព្រៃ ស្រុក​លំផាត់ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​អធិការ​ស្រុក​លំផាត់ ចុះ​ស្រាវជ្រាវ​កណី​ឈូសឆាយដី​យក​រ៉ែ​មាស នៅ​ចំណុច​អូរ​ល្វា​ក់ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្តរតនគិរី ឃាត់ខ្លួន​បាន​ជនល្មើស​ភេទ​ប្រុស ចំនួន ៦​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន​៥​នាក់ និង ខ្មែរ ១​នាក់ ព្រមទាំង​រឹបអូស បាន​អា​អិ​ច មួយគ្រឿង រថយន្ត​លុច​ស៊ី​ស មួយគ្រឿង​។​

​លោក​អធិការ​ស្រុក​លំផាត់ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា នេះ​ថា ក្រោយពី​ចុះបង្ក្រាប​ករណី​ជីក​កាយ​ដី យក​រ៉ែ​មាស​ខុសច្បាប់​ខាងលើនេះ គ្រឿងចក្រ​(​អា​អិ​ច​) និង រថយន្ត​លុច​ស៊ី​ស ត្រូវ​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ដែន​ជម្រកសត្វព្រៃ ចំណែក​ជនល្មើស​ទាំង ៦​នាក់ នាំខ្លួន​មក​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​លំផាត់ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការតាម​និតិវិធីច្បាប់ ៕ដោយ: យក្ខឡោម