ព្រះវិហារ៖ ទីបញ្ជាកាកងពលតូចអន្តរាគមន៍លេខ៨បានប្រារពពិធី អបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក. ព.ស.២៥៦១ គ.ស.២០១៧ និងជប់លាងអបអរសារទរជូនដល់នាយទាហាន នាយទាហានរង ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក៍
ដូចជាអគ្គបញ្ជាការក្រសួងការពារជាតិ ដែលផ្តោតលើអតីតភាពរបស់កងទ័ព បានលះបង់ក្នុងកតព្វកិច្ច ចូលបម្រើជាតិក្នុងជួរកងទ័ពរយះពេលយូមុនឆ្នាំ១៩៧៩ចុះ ដែលត្រូវបានដំឡើងឋានន្តរស័ក ពីថ្នាក់អនុសេនីយ៍ទោ រហូតដល់ថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន៧៩នាក់ ជូនដល់នាយទាហាន នាយទាហានរង អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នាពេលកន្លងទៅ ក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីនេះបានធ្វើឡើង នៅសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ស ថាវី អភិបាល នៃគណៈអភិបាលខេត្តឧត្តមានជ័យ រួមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងបងប្អូនគ្រួសារកងទ័ព រួមទាំងមន្ត្រីរាជការស្ថាប័ន្តពាក់ព័ន្ធជុំវិញខេត្តទាំងពីផងដែរ។
ឯកឧត្តម លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានបញ្ជាក់ថា បើសិនជាប្រទេសជាតិយើង មិនមានសុខសន្តិភាពស្ថិរភាពនយោបាយល្អនោះទេ យើងទាំងអស់គ្នា ក៍មិនអាចមានឱកាសបានមកជួបជុំគ្នានោះទេ ដូច្នេះក្នុងនាមឯកឧត្តម ក៍ដូចនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ប្តេជ្ញាបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវតួនាទីភារកិច្ច បទបញ្ជារបស់ថ្នាក់លើ ទោះស្ថិតក្នុងតម្លៃណាក៍ដោយ ការពារឲ្យបានដាច់ខាតជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ សំដៅរក្សាសន្តិភាព ស្ថេរភាពសង្គមជូនប្រជាពលរដ្ឋ ឲ្យបានស្ថិតស្ថេរ ជារៀងរហូត ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ និងសូមបួងសួង សូមឲ្យដួងវិញ្ញាណក្ខ័ន្ធជនរួមជាតិ វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានលះបង់យ៉ាងធំធេង ក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការ ការពារ ការរស់ឡើងវិញរបស់កម្ពុជា សូមឲ្យដួងវិញ្ញាណក្ខ័ន្ធ លោកអ្នកទាំងអស់នោះបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕