៦​ឆ្នាំ​ក្រោយពី​វិបត្តិ សេដ្ឋកិច្ច​អាមេរិក​បាន​ស្គាល់​ស្ថានភាព​ប្រសើរ​ឡើងវិញ ​នៅ​សហរដ្ឋអាមេរិក

0

VDEO ស្ថានភាព​សេដ្ឋកិច្ច​បាន និង​កំពុងមាន​ស្ថានភាព​ប្រសើរ​ឡើងវិញ​បន្តិច ក្រោយពី​បាន​ធ្លាក់​ក្នុង​វិបត្តិ​អស់​រយៈ​ពល​៦​ឆ្នាំ​មក​។ នៅក្នុង​ខែឧសភា​កន្លងទៅ ទោះបីជា​មិនមាន​ការងារ​ថ្មី​ត្រូវបាន​បង្កើតឡើង​ក៏ដោយ ក៏​អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​ថេរ​មិន​កើនឡើង​ទេ​។

ផ្ទុយទៅវិញ ការងារ​ដែល​បាន​បាត់បង់​នៅក្នុង​សម័យ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ត្រូវបាន បង្កើត​ឡើងវិញ នេះ​បើ​យោងតាម​តួលេខ​ផ្លូវការ​ចេញផ្សាយ​ដោយ​ក្រសួង​ការងារ​។​ ​អត្រា​នៃ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​នៅ​សហរដ្ឋអាមេរិក​ក្នុង​ខែ ឧសភា​កន្លងទៅ​មាន ៦,៣% រីឯ​ចំនួន​ការងារ​ដែល​បាន​បង្កើតឡើង មាន ២១៧ ០០០​ការងារ ពោលគឺ​តិចជាង​បន្តិច​បើ​ធៀប​នឹង​ខែមេសា​ដែលមាន ២៨២ ០០០​ការងារ​។ អ្នក​អត់​ការងារ​ធ្វើ​ចំនួន ៦,៣% គឺជា​អត្រា​មួយ​ដ៏​ទាប​បើ​គិត​ជិត ៦​ឆ្នាំ​កន្លងទៅ ហើយ​បើ​និយាយ​ពី​ចំនួន​ការងារ​ដែល​បាន​បង្កើត​ឡើងវិញ គឺ​សឹងតែ​ស្មើនឹង​កម្រិត​ដែល​អាមេរិក​ធ្លាប់មាន​នៅមុន​វិបត្តិ​ទៅហើយ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រសួង​ការងារ​។

ផ្អែក​តាម​ការស៊ើបអង្កេត​របស់​ក្រសួង​ការងារ​នៅតាម​បណ្តា​រោងចក្រ​សហគ្រាស មួយចំនួន​ឲ្យ​ដឹងថា ចំនួន​ការងារ​នៅក្នុង​ខែឧសភា​នៅ​ទូទាំងប្រទេស​បាន​ឡើងដល់​ចំនួន ១៣៨,៤៦​លាន​ការងារ ទល់នឹង ១៣៨,៣៦​លាន​ការងារ​ដែល​អាមេរិក​មាន​ក្នុង​ខែមករា ឆ្នាំ ២០០៨ ពោល​នឹង​ផ្ទុះ​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​លោក​។ វិបត្តិ​សេដ្ឋកិច្ច​ដែល​បានធ្វើ​ឲ្យ​អាមេរិក​បាត់បង់​ការងារ​ចំនួន ៨ ៧០០ ០០០​ការងារ​។​ ​ដោយឡែក តាំងពី​ឆ្នាំ ២០០៨ មក ចំនួន​ពលរដ្ឋ​អាមេរិកាំង​បាន​កើនឡើង ១៤​លាន​នាក់ តែ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅតែ​ខ្ពស់ជាង​មុន​វិបត្តិ គឺ​ប្រមាណ​ជា ៥%​។

បើ​គិត​រយៈពេល​ពេញ​មួយឆ្នាំ អត្រា​អ្នក​អត់​ការងារ​ធ្វើបាន​ថយចុះ​ចំនួន ១,២​ពិន្ទុ​ដែល​គិត​ជា​ចំនួន​មនុស្ស​មាន ១ ៩០០ ០០០​នាក់​។ ម្យ៉ាងទៀត បើ​គិត​ជា​មធ្យម​ក្នុង​មួយខែ​សម្រាប់​មួយឆ្នាំ​ពេញ មានការ​ងារ​ជិត ២០០ ០០០​ការងារ​ត្រូវបាន​បង្កើតឡើង​។ ជាក់ស្តែង​ក្នុង​ខែឧសភា​កន្លងទៅ មានការ​ងារ​ថ្មី​ចំនួន ២១៧ ០០០​ការងារ​ត្រូវបាន​បង្កើតឡើង​។

កំណើន​ចំនួន​ការងារ​នេះ​បានបង្ហាញ​យ៉ាងច្បាស់​អំពី​ការ​ងើប​ឡើងវិញ​នូវ សេដ្ឋកិច្ច​អាមេរិក​ដែល​បាន​ធ្លាក់​ក្នុង​វិបត្តិ​អស់​រយៈពេល​ជាច្រើន ឆ្នាំ​។​ ​អ្នកសេដ្ឋកិច្ច​បាន​យល់ឃើញថា ដើម្បី​ទប់​កុំ​ឲ្យ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​កើនឡើង ទីផ្សារការងារ​ត្រូវតែ​បង្កើត​ការងារ​ថ្មី​យ៉ាងតិច ១០០ ០០០​ការងារ​ក្នុង​មួយខែៗ​៕