ខេត្តប៉ៃលិន ៖ ស្លាកសញ្ញាប៉ាណូ ដែលសរសេរជាអក្សរថៃចំនួន២ ត្រូវបានគេយកមកដាក់តាំងនៅក្បែរចិញ្ចើមផ្លូវជាតិលេខ៥៧ ខាងស្តាំដៃ ដោយសា្លកប៉ាណូមួយមានចម្ងាយពីព្រំដែនមកលើទឹកដីកម្ពុជា ប្រមាណជា ២៥០ម៉ែត្រ និងមួយទៀតចម្ងាយពីព្រំដែនប្រមាណជា ៤០០ម៉ែត្រ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយគ្មានអក្សរខ្មែរមួយតួណានៅពីលើអក្សរថៃនោះឡើយ ហើយស្លាកសញ្ញានេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថា គេយកមកដាក់តាំងជាយូរថ្ងៃខែមកហើយ តែពុំឃើញមានមន្ត្រីច្រកព្រំដែន ដែលពាក់ព័ន្ធ ឬអាជ្ញាធរណាម្នាក់យកចិត្តទុកដាក់នោះឡើយ។
ករណីនេះ ត្រូវបានមតិសាធារណៈជនរិះគន់ថា អាជ្ញាធរខេត្តហាក់ដូចជាមិនបានយកចិត្តទុកដាក់លើវប្បធម៌ ខ្មែរឡើយ បើសិនជាគេបានដាក់អក្សរខ្មែរពីលើអក្សរបរទេសនោះ វាជាការឲ្យតម្លៃទៅលើប្រទេសជាតិរបស់ខ្លួនឯងផងដែរ។ តាមប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា តាមការពិនិត្យសង្កេតឃើញមានស្លាកប៉ាណូចំនួន២នៅព្រំដែនក ម្ពុជា-ថៃ ដែលអត់មានសរសេរអក្សរខ្មែរមួយតួណាទាល់តែសោះ គឺគេសរសេរតែជាអក្សរថៃសុទ្ធសាធ ជាការមាក់ងាយលើវប្បធម៌ខ្មែរយ៉ាងធ្ងន់ធ្ងរ។ ប្រការនេះ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ គួរគប្បីពិនិត្យមើលឡើងវិញលើស្លាកយីហោដែលគេដាក់តាំងយ៉ាង ច្បាស់ក្រឡែតនៅលើទឹកដីខ្មែរ។
ប្រភពបន្តទៀតថា ស្លាកសញ្ញានេះ គេសរសេរទាក់ទងទៅនឹងក្រុមហ៊ុនកាស៊ីណូ និងសរសេរពីការផ្សាយពាណិជ្ជកម្ម ដើម្បីងាយស្រួលដល់ជនបរទេសចូលមកលេងក្នុងកាស៊ីណូក្នុងទឹកដី ខ្មែរ ជាពិសេសជនជាតិថៃតែម្តង។ ទោះបីជាបែបនេះ ក៏ដោយ យើងគួរយកភាសាជាតិរបស់ខ្លួនជាភាសាទីមួយដែរ ព្រោះនៅក្នុងប្រទេសរបស់គេ ក៏មិនអនុញ្ញាតឲ្យសរសេរជាភាសាជាតិសាសន៍ផ្សេងទៀតទាំងស្រុង ក្រៅពីភាសារបស់ប្រទេសគេបានឡើយ។ បើសរសេរបាន លុះត្រាតែសរសេរភាសាជាតិសាសន៍របស់ខ្លួនជាមុនសិន ទើបគេសរសេរអក្សរបរទេសនៅពីក្រោម ដែលជាការឲ្យតម្លៃទៅលើជាតិសាសន៍របស់ខ្លួន។
ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តប៉ៃលិន បានធ្វើការរិះគន់ថា អាជ្ញាធរគួរតែឲ្យម្ចាស់ប៉ាណូបកប្រែសរសេរជាអក្សរខ្មែរនៅខាង លើ រួចសរសេរជាអក្សរថៃនៅខាងក្រោម នោះទើបជាការឲ្យតម្លៃទៅលើភាសាខ្មែរ ក៏ដូចជាជាតិសាសន៍របស់ខ្លួន តែបើយើងយកភាសាបរទេសមកសរសេរដាក់តាំងទាំងដុលដូច្នេះហាក់ដូច ជាមាក់ងាយដល់ភាសាជាតិ និងវប្បធម៌របស់ខ្លួនឯងហើយ។ ប្រជាពលរដ្ឋបន្តទៀតថា ថ្ងៃនេះ គេយកភាសាគេមកដាក់លើទឹកដីខ្មែរ បើយើងអត់កែប្រែស្លាកសញ្ញានេះទេ ថ្ងៃណាមួយគេនឹងដាក់អ្វីផ្សេងទៀត ដែលជាអត្តសញ្ញាណរបស់គេមកលើទឹកដីយើងទៀតជាមិនខានឡើយ។
ទាក់ទិននឹងបញ្ហានេះ លោក សុខ សាវុធ ប្រធានទីស្នាក់ការត្រួតពិនិត្យព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤ ថា ស្លាកសញ្ញាដែលគេសរសេរជាភាសាថៃនេះ ជាស្លាកសញ្ញារបស់ក្រុមហ៊ុនកាស៊ីណូ ដែលសរសេរប្រាប់ពីការបើកដំណើរការនិងកាចាប់រង្វាន់ ហើយអត់សរសេរជាភាសាខ្មែរនោះទេ ព្រោះអ្នកដែលចូលមកលេងនៅកាស៊ីណូសុទ្ធសឹងតែជាជនជាតិថៃ, ហើយស្លាកសញ្ញាដ៏ធំមួយគឺគេដាក់បែរមុខទៅទឹសខាងលិច គឺសម្រាប់ឲ្យជនជាតិថៃមើល និងមកលេង ។
លោកបន្តថា លោកនឹងជួបពិភាក្សាជាមួយថ្នាក់លើ ដើម្បីចុះទៅត្រួតពិនិត្យជាក់ស្តែងបន្ថែមទៀត ដើម្បីមានវិធានការកែប្រែអក្សរបរទេសនៅលើស្លាកប៉ាណូមួយនេះ។ លោកបានបញ្ជាក់ថា លោកក៏អត់សូវដឹងរឿងនេះច្បាស់ដែរ ព្រោះពុំមានមន្ត្រីណាម្នាក់រាយការណ៏ប្រាប់នោះទេ ហើយចំពោះក្រុមហ៊ុនកាស៊ីណូ បើយោងតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល គឺមិនឲ្យជនជាតិខ្មែរចូលលេងនោះទេ ,មានតែជនជាតិថៃទេដែលចូលលេងបាន ។
បើតាមលោកប្រធានទីស្នាក់ការបញ្ជាក់ថា មានក្រុមហ៊ុនចំនួន៥បើកនៅព្រំដែនខេត្តប៉ៃលិន ប៉ុន្តែបិទអស់មួយនៅសល់តែ៤ប៉ុណ្ណោះ គឺក្រុមហ៊ុនក្រោន ,ក្រុមហ៊ុនk.r ,ក្រុមហ៊ុនម្គុជពេជ្រ ,ក្រុមហ៊ុនប៉ៃលិនគ្រូប ៕