កាំកុងត្រូលបន្ទាយមានជ័យចុះពិនិត្យគុណភាពទំនិញក្នុងផ្សារជាប់ព្រំដែន ដកហូតបានទំនិញមួយចំនួនធំ

0

បន្ទាយមានជ័យ៖ ទំនិញហួសកាលបរិច្ឆេទ និង គ្មានស្លាកយីហោ មួយចំនួនធំត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ធ្វើការដកហូត និងធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់ ក្នុងប្រតិបត្តិការ ពិនិត្យគុណភាពទំនិញក្នុងផ្សារអូរបីជាន់ ជាផ្សារមួយជាប់ព្រំដែនកម្ពុជា-ថៃ

ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រតិបត្តិការ ពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ក្រោមការដឹកនាំពីសំណាក់លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តផងដែរ ។
លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុក ប្រធានការិយាល័យ ប្រមូលចំណូល និងទីផ្សារ នៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ទំនិញដែលត្រូវបានមន្ត្រីជំនាញកាំកុងត្រូល ធ្វើការដកហូតរួមមាន ទឹកក្រូចដបតូច-ធំ ចំនួន១០៦ដប ចាហួយកែវ ចំនួន១២កែវ ទឹកគូលែនកំប៉ុងតូច ចំនួន១២កំប៉ុង ទឹកដោះគោប្រអប់ក្រដាស់ ចំនួន៤ប្រអប់ ដែលទំនិញទាំងនេះសុទ្ធតែជាផលិតផលរបស់ប្រទេសថៃហួសកាលបរិច្ឆេទ និងបានដកហូត ត្រីខគ្មានស្លាកយីហោចំនួន៦កំប៉ុងផងដែរ ។
ក្នុងប្រតិបត្តិការនេះលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានធ្វើការអប់រំណែនាំដល់អាជីវករលក់ដូរក្នុងផ្សារអូរបីជាន់ ឲ្យមានការយល់ដឹងកាន់តែច្បាស់អំពីរ របៀបនៃការមើលកាលបរិច្ឆេទទំនិញ ស្គល់ពីប្រភេទទំនិញដែលច្បាប់ហាមឃាត់មិនឲ្យដាក់លក់ក្នុងទីផ្សារ កម្ពុជា និងការដាក់តាំងលក់ទំនិញឲ្យសមរម្យ និងរក្សាឲ្យបាននូវអនាម័យជាប់ជានិច្ច ជាពិសេស បានហាមអាជីវករកុំឲ្យលាយសារធាតុគីមី ទៅក្នុងម្ហូបអាហារ ដូចជា ៖ ត្រីងាត ក្បាលត្រី ប្រហុក ផ្អក សសៃគុយទាវ… ជាដើម ព្រោះការដាក់លាយសារធាតុគីមីទៅក្នុងអាហារទាំងនេះវាអាចបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកបរិភោគ៕ដោយ:ឃិន គន្ធា