កំពង់ចាម: បុរសវ័យ៤២ឆ្នាំម្នាក់ រួមជាមួយកូនប្រុសអាយុ៨ឆ្នាំ ត្រូវបានលង់ទឹកស្លាប់ទាំង២នាក់ ខណៈដែលជនរងគ្រោះ រួមជាមួយសាច់ញាតិជិត១០នាក់ បាននាំគ្នាជិះទូកម៉ាស៊ីន១គ្រឿងទៅងូតទឹកលេងនៅត្រង់កោះកណ្តាលទន្លេ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី
២៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមាត់ទន្លេមេគង្គចុងកោះកណ្តាល ទល់មុខភូមិសំបួរមាស(ខ) ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវលង់ទឹកស្លាប់មានឈ្មោះ ទូច ស៊ុនណេង ភេទប្រុស អាយុ៤២ឆ្នាំ និងកូនប្រុសឈ្មោះ សាន សុវណ្ណារ៉ុង អាយុ៨ឆ្នាំ មានទីលំនៅភូមិសំបួរមាស(ខ) ឃុំពាមជីកង ស្រុកកងមាស។
ក្រោយពីកើតហេតុ សមត្ថកិច្ច រួមជាមួយប្រជាពលរដ្ឋ បាននាំគ្នាសស្រាក់សស្រាំតាមរាវរក ដោយជិះទូកពីកន្លែងមួយទៅកន្លែងមួយ រហូតប្រទះឃើញសាកសពក្មេងរងគ្រោះ នៅវេលាម៉ោងជាង២ រសៀលថ្ងៃដដែល ចំណែកសាកសពជនរងគ្រោះជាឪពុក ត្រូវបានប្រទះឃើញកាលពីព្រឹកថ្ងៃទី២៤ ខែមេសានេះ បន្ទាប់ពីធ្វើការត្រួតពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើរបុណ្បតាមប្រពៃណី ៕