ត្បូងឃ្មុំ+កំពង់ចាម៖ ភ្លៀងកក់ខែ១មេលាយឡំនិងខ្យល់កន្ត្រាក់ បានបោកបក់មកលើលំនៅឋានប្រជាពលរដ្ឋ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅក្នុងឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បណ្តាលឲ្យរងការខូចខាតផ្ទះអស់ចំនួន៥ខ្នង និងសាលាវិទ្យាល័យសម្ដេច
តេជោហ៊ុន សែន សួង ខេត្តត្បូងឃ្មុំ ត្រូវរងការខូចខាត ដោយអាគារសិក្សា១ខ្នងត្រូវប៉ើងរបើកដំបូលសង្ក័សីអស់៥០%ផងដែរ។
ដោយឡែកនៅខេត្តកំពង់ចាមភ្លៀងលាយឡំជាមួយនិងខ្យល់កន្ត្រាក់ បានបោកបក់មកលើលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវរងការខូចខាត តែមិនមានប្រជាពលរដ្ឋរងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
បាតុភូតធម្មជាតិនេះបានកើតមានឡើងកាលពីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅស្រុកចំនួន២ក្នុងខេត្តកំពង់ចាម គឺស្រុកចំការលើ និងស្រុកជើងព្រៃ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកចំការលើបានឲ្យដឹងថា គ្រាដែលមេឃកំពុងតែធ្លាក់ភ្លៀង ក៏មានខ្យល់បោកបក់យ៉ាងខ្លាំង មកលើលំនៅឋានប្រជាពលរដ្ឋ ដែលបង្កឲ្យមានផលប៉ះពាល់ឃុំចំនួន២ ក្នុងនោះមានដូចជា នៅឃុំស្វាយទាប បណ្តាលឲ្យជើងសរសររំកិលធ្លាក់មកដី និងរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង និងនៅឃុំស្ពឺ បណ្តាលឲ្យប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋចំននួន៤ខ្នង គឺរបើកដំបូលទាំងស្រុង១ខ្នង របើកដំបូលខ្លះៗ៣ខ្នង ទាំង២ឃុំនេះមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ចំណែកនៅស្រុកជើងព្រៃក៏ទទួលរងផលប៉ះពាល់ដែរ ក្នុងនោះមានដូចជានៅភូមិកោះចំប៉ា ឃុំព្រីងជ្រុំ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នងត្រូវរងការខូចខាត តែមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។
ករណីគ្រោះធម្មជាតិទាំងពីរស្រុកនេះ កម្លាំងជំនាញកំពុងតែរាយការណ៍ទៅកាកបាទក្រហម ឲ្យចុះមកពិនិត្យមើលទំហំការខូចខាត ដើម្បីត្រៀមធ្វើការចែកអំណោយផងដែរ ៕