ខេត្តរតនគិរី៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ បានស្ទាក់ចាប់បានរថយន្តទេសចរណ៍វៀតណាម១គ្រឿង បន្លំលួចដឹកឈើប្រណិត លើកំណាត់ផ្លូវជាតិលេខ៧៨ នៅភូមិបាណុល ឃុំទីងចាក់ ស្រុកបរកែវ
ក្រោមរូបភាពដឹកភ្ញៀវប្រុងលោតឆ័ត្រឆ្លងទៅវៀតណាម។នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត លោកវរសេនីយ៍ឯក នូវ ដារ៉ា បានប្រាប់ឲ្យដឹងថា មុននឹងចាប់រថយន្តនេះបាន កម្លាំងនគរបាលជំនាញបានស្រាវជ្រាវ ជាយូរមកហើយ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការដ្ឋាននគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលបន្ទុក ព្រមទាំងមានការឯកភាពពី តំណាងអយ្យការអមសាលាដំបូងខេត្ត ផងនោះ ទើបកម្លាំងរបស់លោកឈានដល់ការស្ទាក់ឃាត់រថយន្តនេះ ធ្វើការឆែកឆេររកឃើញឈើទាំងនោះតែម្ដង។ ក្រោយឆែកឆេររកឃើញឈើ កម្លាំងនគរបាលបាននាំយកវត្ថុតាង ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។
លោកវរសេនីយ៍ឯក នូវ ដារ៉ា បានបញ្ជាក់ថា រថយន្តទេសចរណ៍កំហូចនេះ តែងតែទៅដឹកភ្ញៀវវៀតណាមតាមក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនានា ហើយនាំទៅប្រទេសវៀតណាមវិញ ជាមួយឈើតូចធំជាបន្តបន្ទាប់ផងដែរ។
នាយការិយាល័យរូបនេះ បានបន្ថែមទៀតថា ក្នុងរថយន្តទេសចរណ៍នោះ មានផ្ទុកមនុស្សចំនួន៩នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ប៉ុន្តែមានតែកុងរថយន្តម្នាក់ និងព្រូម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួចដឹកឈើប្រណិត។
ចំនួនឈើប្រណិតពិតប្រាកដនៅក្នុងរថយន្តខាងលើ មិនទាន់ដឹងទូរលេខនៅឡើយ បន្ទាប់ពីកម្លាំងនគរបាលជំនាញកំពុងធ្វើកំណត់ហេតុរួចរាល់ នឹងប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើដើម្បី ចាត់ការបន្តតាមនិតិវិធីច្បាប់ព្រៃឈើ ៕ដោយ: យក្ខឡោម