កំពង់ឆ្នាំង៖ ទីតាំងអារឈើលួចលាក់២កន្លែងដែលជនល្មើស២ក្រុម បានធ្វើសកម្មភាពអារឈើលួចលាក់ជិតមួយឆ្នាំមកហើយនោះ ត្រូវបានសមត្ថកិច្ចចំរុះបង្ក្រាប និងរឹបអូសបានឈើតូចធំគ្រប់ប្រភេទ ចំនួន៨ឡានធំៗ។
ករណីបង្ក្រាបជាទ្រង់ទ្រាយធំនេះបានធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចពេជ្រជោរ ស្ថិតក្នុងភូមិដំណាក់ខ្លុង ឃុំក្រាំងស្គារ ស្រុកទឹកផុស ។ លោក ប៉ែន បុល្លីណា នាយផ្នែករដ្ឋបាលព្រៃឈើរមាសបានអោយដឹងថា៖ជនល្មើសដែលជាម្ចាស់ម៉ាស៊ីនអារឈើទី១ឈ្មោះរិន និងម្ចាស់ម៉ាស៊ីនអារឈើទី២ឈ្មោះ ឡុង បូ ពួកគេរស់នៅក្នុងភូមិដំណាក់ខ្លុង ឃុំក្រាំងស្គារ ស្រុកទឹកផុស។
មុនឈានទៅបង្ក្រាបទីតាំងទាំង២កន្លែងខាងលើនេះ ត្រូវបានប្រជាពលរដ្ឋដឹងពីទីតាំងអារឈើលួចលាក់ ហើយរាយការណ៍អោយមន្ត្រីអយ្យការសាលាដំបូងខេត្តបានដឹង។បន្ទាប់មកនៅព្រឹកថ្ងៃទី០៦ ខែមិថុនា លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង និងលោកនាយកក្រឡាបញ្ជីអយ្យការបានដឹកនាំសមត្ថកិច្ចចុះទៅស៊ើបអង្កេតស្រាវជ្រាវជាសំងាត់នៅចំណុចខាងលើ។
ក្រោយពីបានឃើញច្បាស់ទីតាំងអារឈើខុសច្បាប់ទាំង២ខាងលើនេះ លោកក៍បានបញ្ជារអោយកំលាំងចំរុះរួមមាន៖មន្ត្រីរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នាយការិល័យទី២ នៃយោធភូមិភាគពិសេស មន្ត្រីការិយាល័យទី២តំបន់ប្រតិបត្តការសឹករងខេត្ត ស្រុកកំលាំងនគរបាលស្រុកនិងប៉ុស្តិ ឡោមព័ទ្ធ និងបង្ក្រាបចាប់ពីថ្ងៃទី៦រហូតដល់ថ្ងៃទី០៨ ខែមិថុនា ទើបអាច ប្រមូលនិងដឹកជញ្ជូនវត្ថុតាង នៃបទល្មើស អស់ពីទីតាំងទាំង២ខាងលើនេះ។
លោក ជុំ ណារិន នាយការិយាល័យទី២យោធភូមិភាគពិសេសប្រចាំទិសកំពង់ឆ្នាំងបានអោយដឹង ថា៖នៅក្នុងកិច្ចប្រត្តិបត្តការបង្ក្រាបជាទ្រង់ទ្រាយធំរយៈពេល៣ថ្ងៃនេះ ជនល្មើសប្រមាណ១០នាក់បាន គេចខ្លួនចេញពីទីតាំង ប៉ុន្តែពួកគេបានព្យាយាមរំខានដល់សមត្ថកិច្ចចំរុះដោយយកដែកគោលប្រវែង១តឹកបោះជាប់ក្តាដាក់ពង្រាយតាមផ្លូវក្នុងព្រៃដើម្បីប៉ុនប៉ងអោយបែកកង់រថយន្តរបស់សមត្ថកិច្ច និងរថយន្តដឹកវត្ថុតាង លើសពីនេះទៀតពួកគេមួយចំនួនព្យាយាមយកដុំអុសប៉ុនប៉ងគប់បំបែកកញ្ចក់រថយន្តដឹកវត្ថុតាងតែបំណងពួកគេមិនបានសំរេច ដោយកំលាំងសមត្ថកិច្ចចំរុះមានគ្នាច្រើន ពួកគេក៍គេចខ្លួនបាត់អស់។
នៅក្នុងទីតាំងអារឈើលួចលាក់ខុសច្បាប់ទាំង២នេះ សមត្ថកិច្ចចំរុះរឹបអូសបានម៉ាស៊ីនរណាថាសជ្រៀកឈើ២គ្រឿង ឧបរណ៍គ្រឿងបន្លាស់ម៉ាស៊ីនអារឈើមួយចំនួន ឈើហ៊ុប២២ដើម ឈើប្រឡៅមូល ១៣១ដើម និងឈើជ្រៀករួចគ្រប់ប្រភេទមួយចំនួនធំទៀត។
ដោយឡែកឈើប្រឡៅមូលអនាធិប្បតេយ្យចំនួន៥០០ដើមដែលជនល្មើសដាក់តាមផ្លូវដែកបំរុងដឹកតាមឡូរីលើផ្លូវដែកយកទៅលក់អោយពួកឈ្មួញ ក៍ត្រូវបានសមត្ថកិច្ចចំរុះរឹបអូសយកទាំងអស់ផងដែរ។ឈើទាំងអស់នោះត្រូវបានគេយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ និងមួយចំនួនទៀតដឹកយកមកទុកនៅផ្នែករដ្ឋបាលព្រៃឈើរមាស។
ប្រភពដោយឡែកមួយទៀតពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានអោយដឹងថា៖ជារៀងរាល់យប់គេឃើញមានរថយន្តដឹកឈើប្រណិតជាច្រើនគ្រឿងបានដឹកមកពីខេត្តពោធិសាត់ឆ្លងកាត់ឃុំក្រាំងស្គារឆ្ពោះទៅក្រុងភ្នំពេញនិងខេត្តកំពង់ចាម ដោយពុំមានសមត្ថកិច្ចណាស្ទាក់ចាប់បានឡើយ។
ករណីបង្ក្រាបទីតាំងអារឈើខុសច្បាប់ខាងលើនេះសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការ និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕