រថយន្ត៣គ្រឿង រួមនិងពលករខ្មែរអត់ច្បាប់ជាង៣០នាក់

0

ប្រទេសថៃ ៖ ពលករខ្មែរប្រមាណជាង៣០នាក់ ដែលគ្មានលិខិតស្នាមស្របច្បាប់ ត្រូវ បានក្រុមតម្រួតថៃ សហការជាមួយនឹងកំលាំងអន្តោប្រវេសន៍ ខេត្តស្រះកែវ តាមប្រមាញ់ និងឃាត់ខ្លួនពលករបានខណៈដែលពួកគេទាំងអស់គ្នាលបលួចធ្វើដំណើរតាមរថយន្ត
របស់ពលរដ្ឋថៃ បំរុងឆ្ពោះទៅកាន់ទីក្រុងបាងកក ដើម្បីរកការងារធ្វើ ។

បើតាមប្រភពច្បាស់ការបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧ក្រោយពីទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍យ៉ាងច្បាស់រួចមក កំលាំងតម្រួតសហការជាមួយនិងកំលាំងអន្តោប្រវេសន៍ នៃស្ថានីយ៍តម្រួតខេត្តស្រះកែវ បានចេញ ប្រតិបត្តិការឈរជើងនៅលើកំណាត់ផ្លូវតាមខ្សែបន្ទាត់ព្រំដែន សិរីភិន ត្រង់ចំណុចផ្លូវ បំបែកចូលទៅឃុំហ្វាកហ៊ួយ ស្ថិតក្នុងឃុំខ្លងណាំសៃ ស្រុកអារញ្ញប្រាក់ថេត ខេត្តស្រះកែវ ។ នៅក្នុងកិច្ចប្រតិបត្តិការនោះដែរ ដោយមានការសង្ស័យ កំលាំងបានស្ទាក់ឃាត់រថយន្ត ចំនួន៣គ្រឿង ដែលក្នុងនោះរថយន្តទី១ និងទី២ មានម៉ាកអុីស៊ុយៗ និងរថយន្ត ខាងក្រោយគេ គឺម៉ាកតូយូ៉តា ដែលជាប្រភេទរថយន្តឃ្លុបសម្រាប់ដឹកទំនិញ ។ នៅពេលដែលសមត្ថកិច្ចបញ្ជាអោយយានទាំង៣គ្រឿងឈប់ ដើម្បីត្រួតពិនិត្យស្រាប់តែរថយន្តទី១ និងទី២ បានបើកគេចចេញពីការស្ទាក់ចាប់របស់ក្រុមតម្រួត ប៉ុន្តែទោះបីជាយ៉ាងណាក៏កំលាំងបានដេញតាមរហូតចាប់បាន រីឯរថយន្តទី៣ បានឈប់តាមការណែនាំ ដោយអ្នក បើកបរមានឈ្មោះ សុរិយ៉ុន មីវិរ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅខេត្តស្រះកែវ ។ ក្រោយពេលត្រួតពិនិត្យទៅលើរថយន្តដែលបិទឃ្លុបជិតនោះ គឺមានពលករខ្មែរជាច្រើននាក់ ដែលអ្នកបើកបរបានញាត់យ៉ាងណែននៅក្នុងឃ្លុបរថយន្ត រួមជាមួយនឹងកាបូបស្ពាយ
មួយម្នាក់ថែមទៀតផង បើសរុបទៅលើរថយន្តទាំង៣គ្រឿងគឺមានពលករខ្មែរដែលបានលបលួចឆ្លងដែរ ដោយគ្មានច្បាប់អនុញ្ញាតចំនួន ៣២នាក់ ក្នុងនោះស្រី ១៥នាក់ ។

បច្ចុប្បន្នរថយន្តនិងអ្នកបើកបរ ត្រូវបានកំលាំងជំនាញថៃ បញ្ជូនទៅកាន់ស្នងការដ្ឋាន ដើម្បីចាត់ចែងតាមនិតិវិធី ដោយឡែកពលករខ្មែរទាំងអស់ គឺតម្រូវអោយធ្វើកិច្ចសន្យា
ដើម្បីបញ្ជូនអោយវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ ៕